​គម្រោង​ស្ថាបនា​​ផ្លូវ​កាត់​ថ្មី​ពី​ក្រចេះ ទៅកាន់ខេត្ត​កំពង់ធំ​ក្រោម​កម្ចី ពី​រដ្ឋាភិបាល​ចិនត្រូវបានជម្រុញ

0

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា ​ពី​គម្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី ​ពី​ខេត្ត​ក្រចេះ​មក​ខេត្ត​កំពង់​ធំ ក្រោម​ក្របខណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការពីរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន។

លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ដែលចូលរួម​​ដឹកនាំ​កិច្ច​ប្រជុំ​បាន​គូស​បញ្ជាក់​ថា កិច្ចប្រជុំនេះ​ធ្វើឡើង​ ដើម្បី​ពិភាក្សា​លើ​ការងារ​រៀបចំផែនការ​មេ សម្រាប់​អនុវត្តន៍ ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៦០បេ និង​ពិភាក្សា​លើការ​ផ្លាស់ប្ដូរ Alignment រួមទាំង​ការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​លើផ​លប៉ះពាល់​របស់ប្រជាពលរដ្ឋ និង​បញ្ហា​ប្រឈមផ្សេងៗទៀត ដើម្បី​ជំរុញ​ឱ្យគម្រោង​សាងសង់​អាចអនុវត្ត​ទទួល​បាន​លទ្ធផល​ល្អ។

នៅ​ក្នុងសន្និសីទ​​បិទ​បញ្ចប់ ​​កិច្ច​ប្រជុំកំពូល​អាស៊ាន ដែល​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ អតីត​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​ស្ថាបនា ​ស្ពាន​​ឆ្លង​ទន្លេនៅ​ខេត្ត​ក្រចេះ​។ ជាមួយ​គ្នា​នេះ អតីត​​នាយករដ្ឋមន្ត្រី​កម្ពុជា​ ក៏​បាន​​លើកពាក់ព័ន្ធ​គម្រោង​​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី ​ពី​ខេត្ត​ក្រចេះ​មក​ខេត្ត​កំពង់ធំ​​​​ ដែល​នឹង​ជួយ​សម្រួលដល់ការ​ធ្វើ​ដំណើរ​កាន់​តែ​​ឆាប់​រហ័ស​។

លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រចេះ​បានមានប្រសាសន៍​ថា គម្រោង​សាង​សង់​​​កំណាត់​ផ្លូវជាតិ​លេខ ៦០ បេ (ក្រុង​ក្រចេះ- កំពង់ថ្ម – កំពង់ធំ) ​ប្រើប្រាស់​ឥណទាន​សហប្រតិបត្តិការ​ពី​សាធារណរដ្ឋប្រជាមានិត​ចិន។

បើ​តាម​ការ​សិក្សា​ ផ្លូវជាតិ​លេខ៦០បេ មាន​ប្រវែង​ជាង១៣០ គីឡូម៉ែត្រ​ ត​ភ្ជាប់​ពី​ស្ពាន​ខេត្ត​ក្រចេះ ​ដែលកំពុង​ដំណើរការ​សាងសង់​កាត់​តាម​ស្រុក​ព្រែក​ប្រសព្វ​ រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ។

លោក សាំង ប៊ុនថេង បាន​បន្ត​ថា តាមរយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ ​នឹង​រួម​ចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ខេត្ត​ក្រចេះ តាម       រយៈ​ជំរុញ​កំណើន​ការ​​​​ធ្វើ​ដំណើរ ​របស់​ភ្ញៀវ​ទេសចរ​ពី​តំបន់​ភាគ​កណ្ដា​ល​មក​តំបន់​ភាគ​ឦសាន ដែល​នឹង​រុញ​​ការអភិវឌ្ឍន៍ ​និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​​ក្នុង​មូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here