ទីក្រុងសេអ៊ូលគ្រោងផ្គត់ផ្គង់ផ្ទះជួល ដែលមានតម្លៃថោកជាងទីផ្សារចំនួន៥០ភាគរយដល់អ្នកនៅលីវ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលទីក្រុងសេអ៊ូលគ្រោងផ្គត់ផ្គង់ផ្ទះជួល ដែលមានតម្លៃសមរម្យជាងមុន សម្រាប់អ្នកនៅលីវ ក្នុងទម្រង់ជាកន្លែងរស់នៅរួមគ្នា ខណៈដែលចំនួនអ្នកមិនទាន់រៀបការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ បន្ទប់នឹងត្រូវបានដាក់ជួល ក្នុងតម្លៃថោកជាងតម្លៃទីផ្សារចំនួន៥០ភាគរយ ខណៈការជួលរយៈពេល៦ឆ្នាំ ត្រូវបានកំណត់ សម្រាប់មនុស្សចាប់ពីអាយុ១៩ ដល់៣៩ឆ្នាំ និងផ្តល់រយៈពេលជួលអតិបរមាចំនួន១០ឆ្នាំ សម្រាប់មនុស្សដែលមានអាយុលើសពី៤០ឆ្នាំ។

ផ្ទះជួលទាំងនោះ នឹងត្រូវបានសាងសង់នៅក្នុងតំបន់ ដែលមានទីតាំងនៅជិតស្ថានីយ៍រថភ្លើងក្រោមដី ផ្លូវថ្នល់ធំៗ និងកន្លែងថែទាំសុខភាព ដើម្បីបំពេញតម្រូវការ ពីក្រុមមនុស្សប្រភេទផ្សេងៗគ្នាជាច្រើន។

ទន្ទឹមនឹងនេះ រដ្ឋបាលទីក្រុងសេអ៊ូល នឹងផ្តល់ការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ ឱ្យសាងសង់ផ្ទះជួលប្រភេទនេះ ព្រមទាំងបន្ធូរបន្ថយសមាមាត្រ រវាងផ្ទៃក្រឡាសរុបរបស់អគារ ធៀបនឹងទំហំផ្ទៃដី ដែលអគារស្ថិតនៅពីលើ តាមរយៈការកែសម្រួល បទប្បញ្ញត្តិកំណត់តំបន់(Zoning)នាពេលបច្ចុប្បន្ន។

លោក Byeongyong Han ប្រធានការិយាល័យគោលនយោ​បាយលំនៅដ្ឋាននៅរដ្ឋបាលទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា “ផ្ទះចំនួន២ ក្នុងចំណោមផ្ទះចំនួន៥ នឹងក្លាយជាទីលំនៅរបស់អ្នកនៅលីវ នៅក្នុងទីក្រុងសេអ៊ូលក្នុងឆ្នាំ២០៣០ ហើយវានៅសល់តែ៥ឆ្នាំទៀតប៉ុណ្ណោះ”។

លោកបានបន្ថែមថា “វាដល់ពេលហើយ ដែលយើងត្រូវតែអនុវត្តវិធានការគាំទ្រ ផ្នែកលំនៅដ្ឋានសម្រាប់គ្រួសារ ដែលមានមនុស្សតែម្នាក់ ឬអ្នកនៅលីវ”។

បច្ចុប្បន្ននេះ ចំនួនអ្នកនៅលីវបានក្នុងរដ្ឋធានីសេអ៊ូល កើនឡើងយ៉ាងគំហុក  ដោយសារចំនួនមនុស្សរៀបការបានថយចុះ និងកំណើ​នយ៉ាងឆាប់រហ័ស នៃចំនួនប្រជាជនដែលមានវ័យចំណាស់ ខណៈមនុស្សចាស់ភាគច្រើនកំពុងរស់នៅតែម្នាក់ឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here