សម្តេចធិបតីលើកទឹកចិត្តឲ្យមេធនាគារMay Bankពិនិត្យលទ្ឋភាពវិនិយោគលើអាហារហាឡាល់នៅកម្ពុជា

0

ដោយៈ គង់ ម៉ាលីនណា

ម៉ាឡេស៊ីៈ សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកទឹកចិត្ត ដល់ធនាគារពិនិត្យលទ្ធភាព លើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ី ស្ទឹមអាហារហាឡាល់នៅកម្ពុជា។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាត្តឱ្យលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៧ កុម្ភៈកន្លងមកនេះ។

សម្តេចបានបន្តថា ធនាគារMay Bank ជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ និងបានជំរុញឱ្យធានាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។

សម្ដេចធិបតីបានជំរុញឱ្យធនាគារ បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត ជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ លើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ជាសសៃឈាម និងជាកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍ នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។

លោកប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank សម្ដែងនូវការកោតសរសើរ ចំពោះការយល់ដឹងស៊ីជម្រៅ របស់សម្ដេចធិបតី អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ។

លោកប្រធាន និង ជានាយកប្រតិបត្តិMay Bankបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីក្ដីសោមនស្សរីករាយ ដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ ហើយលោកពិតជាមានការស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូប ដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅ អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here