ក្រុមហ៊ុន Agent 21 Global ចុះ MOU ជាមួយដៃគូកូរ៉េដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនAgent21 Global Co., Ltd. និងដៃគូវិនិយោគកូរ៉េ ធនាគារស៊ីនហាន (Shinhan Bank), ក្រុមហ៊ុនGRID WORLD Co., Ltd, ក្រុមហ៊ុន ONE Khmer Partners., Co Ltd បានចុះពិធីចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៏លំនៅឋានតំលៃសមរម្យនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់កាលពីថ្ងៃទី២៧ កុម្ភៈកន្លងមកនេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមក្នុងការគ្រប់គ្រង និងផ្តល់ទំនុកចិត្តជាមួយដៃគូធនាគារ ក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យមទូរទាំងប្រទេសប្រមាណ៥០ម៉ឺន ទៅ១លានលំនៅឋាន ដោយចាប់ពីឆ្នាំ២០២៤ ដល់២០៣០។

គម្រោងសាងសង់លំនៅឋាន នេះមានរចនាបថស្ថាបត្យកម្មខ្មែរលាយសហសម័យ និងមានតម្លៃសមរម្យ ស្របនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោកស្រី លី ច័ន្រ្ទលក្ស្មី អភិបាលក្រុមហ៊ុនAgent21 Global ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុនមានចក្ខុវិស័យចង់ប្រែក្លាយតំបន់ជាយក្រុង និងជនបទ អោយមានផ្ទះប្រកបដោយសោភ័ណភាព និងរចនាបថស្ថាបត្យកម្មខ្មែរ លាយសហសម័យ លំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយដូចបុរីនានា ក្នុងរាជធានីភ្នំពេញ និងប្រែក្លាយជាតំបន់ទេសចរណ៍ ដែលអាចជួយដល់ជីវភាពរស់នៅប្រជាជន អោយបានល្អប្រសើរ ទាំងការរស់នៅប្រកបដោយសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ហើយក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។

ចំណែកលោក KIM HYUNGYEOL នាយកប្រតិបត្តក្រុមហ៊ុន នៃក្រុមហ៊ុន GRID WORLD Co., Ltd., និងក្រុមហ៊ុន ONE Khmer Partners., Co Ltd. ជាមួយនិងធនាគារ ស៊ីនហាន (Shinhan Bank) ក៏បានលើកឡើងផងដែរថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើននាពេលបច្ចុប្បន្ន ភាគីខាងអ្នកវិនិយោគកូរ៉េនឹងរួមចំណែកក្នុងការជំរុញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសំដៅរួមចំណែក គាំទ្រដល់ការអនុវត្ត ជាពិសេសគម្រោងលំនៅឋាន តំលៃសមរម្យសំរាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យម លំនៅឋានសំរាប់មន្រ្តីរាជការ លំនៅឋានសំរាប់អ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ហើយ។

លោក Kim Hyung-yeol ប្រធានក្រុមហ៊ុន Grid World Co., Ltd. និង លោក Park Hee- Jin ជានាយកប្រតិបត្តិនៃធនាគារ Shinhan Bank ប្រចាំប្រទេសកម្ពុជា បាននិយាយផងដែរថា លោកចាប់អារម្មណ៍យ៉ាងខ្លាំង និងមានទំនុកចិត្ត ចំពោះប្រតិបត្តិការគ្រប់​គ្រងលើគម្រោងនេះនៅកម្ពុជា ហើយនឹងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here