ក្រុមហ៊ុនធំៗចំនួន២បង្កើនចំនួនបុគ្គលិកនៅប្រទេសចិន ស្របពេលការរៀបចំរចនាសម្ព័ន្ធបំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកើនឡើង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនឯកទេសខាងរៀបចំ រចនាសម្ព័ន្ធបំណុល លំដាប់ពិភពលោកចំនួន២ បានបង្កើនចំនួនបុគ្គលិក ក្នុងទីក្រុងហុងកុង ខណៈដែលវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន កំពុងជំរុញឱ្យកិច្ចព្រមព្រៀងរៀបចំ រចនាសម្ព័ន្ធបំណុល មានការកើនឡើងយ៉ាងគំហុក។

ក្រុមហ៊ុនដ៏ល្បីឈ្មោះទាំង២នោះ រួមមាន ក្រុមហ៊ុន Alvarez & Marsal  និងក្រុមហ៊ុន Houlihan Lokey ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចគ្នា។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post។

វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន បានផុងចូលពីវិបត្តិមួយទៅវិបត្តិមួយទៀត គិតចាប់តាំងពីឆ្នាំ២០២១ ដោយសារវិបត្តិសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍។

យោងតាមតួលេខដែលដកស្រង់ ដោយសារពត៌មាន Reuters បង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនប្រមាណ២០ ដែលបានចុះបញ្ជីនៅហុងកុង បានខកខានទូទាត់សងសញ្ញាប័ណ្ណប្រាក់ដុល្លារ ដែលតម្រូវឱ្យពួកគេស្វែងរកកិច្ចពិភាក្សា ជាមួយម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬប្រឈមនឹងការរំលាយចោល។

កាលពីខែមករា តុលាការក្រុងហុងកុង បានតែងតាំងនាយកគ្រប់គ្រងចំនួន២រូប របស់ក្រុមហ៊ុន Alvarez & Marsal ដើម្បីរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande។

ក្រុមហ៊ុននេះបានអះអាងថា គិតត្រឹមចុងខែមករា អាជីវកម្មរបស់ខ្លួននៅប្រទេសចិន មានបុគ្គលិកប្រហែល២៦០នាក់ បើធៀបនឹងបុគ្គលិកត្រឹមតែ២០០នាក់ កាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន Alvarez & Marsal បានបដិសេធមិនផ្តល់ពត៌មានលំអិត អំពីការជួលបុគ្គលិករបស់ខ្លួននោះទេ ប៉ុន្តែប្រភពមួយ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ តែសុំមិនបញ្ចេញឈ្មោះ បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កខាងលើ បាននិងកំពុងបង្កើតរចនាសម្ព័ន្ធឡើងវិញ និងអង្គភាពដំណើរការសាជីវកម្ម។

ចំណែកក្រុមហ៊ុន Houlihan បានផ្តល់ដំបូន្មានដល់ក្រុមហ៊ុន Evergrande ក៏ដូចជាក្រុមហ៊ុន Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដំបូងគេ ដែលបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបំណុលនៅឯនាយសមុទ្រ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ក្រុមហ៊ុនបានអះអាងថា ក្រុមការងាររបស់ខ្លួននៅក្នុងទីក្រុងហុងកុង និងប្រទេសចិនបានពង្រីកក្នុងរយៈពេល២ឆ្នាំកន្លះកន្លងមកនេះ។

អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Houlihan បានមានប្រសា​សន៍ ដោយមិនបានបញ្ជាក់ប្រាប់ពីចំនួនជាក់លាក់ថា “ក្នុងរយៈពេលនេះ ក្រុមការងាររបស់យើង បានកើនឡើងជាង៥០ភាគរយ។ យើងជឿថា យើងមានឱកាសរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងប្រទេសចិន ហើយយើងកំពុងជ្រើសរើស សមាជិកក្រុមបន្ថែមចំនួន៤នាក់នៅពេលនេះ”។

ជាមួយគ្នានេះ លោក Chris Corcoran អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មហិរញ្ញវត្ថុនៅក្រុមហ៊ុន Robert Walters បានលើកឡើងថា “តម្រូវការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ បានកើនឡើង​គួរឱ្យកត់សម្គាល់ ចាប់តាំងពីដើមឆ្នាំ២០២៣ ហើយនិន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅឆ្នាំនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here