រដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនដំបូងបង្អស់នៅប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយផលិតផលកម្ពុជា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនដំបូង នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយផលិតផលសក្តានុពលរបស់ខ្លួន ទៅកាន់តំបន់អារ៉ាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Abu Dhabi កាលពីថ្ងៃអាទិត្យ។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមផងដែរ ពីក្រុមមន្ត្រីរបស់ប្រទេ​សអារ៉ាប់រួម និងតំណាងក្រុមហ៊ុន Oneroad Group ដែលបាននាំចេញអង្ករកម្ពុជា ជាលើកដំបូងទៅកាន់ប្រទេសអារ៉ាប់រួម កាលពីខែមករា។

លោកជំទាវតឹករ៉េត កំរង បានមានប្រសាសន៍ឱ្យដឹងថា “មជ្ឈ​មណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុង Abu Dhabi ត្រូវបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយ និងនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ”។

លោកស្រីបានបន្ថែមថា “មជ្ឈមណ្ឌលនេះក៏នឹងផ្សព្វផ្សាយឯកសារទាក់ទងនឹងពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ វប្បធម៌ និងទេសចរណ៍របស់កម្ពុជាដល់ពាណិជ្ជករ អ្នកវិនិយោគ និងភ្ញៀវទេស​ច​រអន្តរជាតិ ជាពិសេសពីប្រទេសអារ៉ាប់រួមតែម្តង”។

ជាមួយគ្នានេះ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ​នៅមានកម្រិតទាបនៅឡើយ​។តួយ៉ាង ពាណិជ្ជកម្មទ្វេរភាគីសម្រេចបាន ទំហំទឹកប្រាក់ត្រឹមតែ៨៦,៨លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ១៧ភាគរយបើធៀបនឹងឆ្នាំ២០២២។

យោងតាមក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា  កម្ពុជាបានទទួលភ្ញៀវទេសចរ មកពីប្រទេសអារ៉ាប់រួម (UAE) ចំនួន១៩២នាក់ កាលពីឆ្នាំ២០២៣កន្លងទៅ កើនឡើង៥៦ភាគរយ ពីចំនួន១២៣នាក់កាលពីឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here