ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប់រួម(UAE) កំពុងខិតខំសាងសង់សំណង់ស្ថាបត្យកម្មដ៏អច្ឆរិយៈមួយទៀត ដែលមានឈ្មោះថា ប្រាសាទពីរ៉ាមីត Ziggurat នៅក្នុងទីក្រុងឌូបៃ ដែលជារដ្ឋធានីរបស់ខ្លួន។
នៅពេលបញ្ចប់ការសាងសង់រួចរាល់ ប្រាសាទនេះនឹងមានកម្ពស់១.២០០ម៉ែត្រ ដោយគ្របដណ្តប់លើទំហំផ្ទៃដី ប្រមាណ០,៨៨ម៉ាយការ៉េ (ប្រហែល២,៣គីឡូម៉ែត្រក្រឡា) និងជាបណ្តុំរស់នៅរបស់ប្រជាជនចំនួន១លាននាក់។
-->
គម្រោងប្រាសាទពីរ៉ាមីត Ziggurat ត្រូវបានប្រកាសឡើងនៅក្នុងឆ្នាំ២០០៨ ហើយប្រាសាទថ្មីនេះត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ប្រាសាទពីរ៉ាមីត Giza របស់ប្រទេសអេហ្ស៊ីប គិតទាំងទំហំ និងភាពអស្ចារ្យរបស់វា។

គម្រោងខាងលើ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២១ ដោយគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៨ខាងមុខ។ ប្រាសាទនេះត្រូវបានរចនាឡើង តាមលំនាំប្រាសាទពីរ៉ាមីតអេហ្ស៊ីបបុរាណ និងពីរ៉ាមីត Mayan។
គម្រោងសំណង់ប្រាសាទពីរ៉ាមីត Ziggurat នៅក្នុងទីក្រុងឌូបៃ នឹងប្រកាន់ខ្ជាប់ នូវស្តង់ដារនិរន្តរភាពខ្ពស់បំផុត ដោយយកគម្រូតាមគម្រោងសំណង់ផ្សេងទៀត ដូចជា គម្រោង The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម។
គម្រោងនេះនឹងប្រកាន់យកគោលការណ៍ អព្យាក្រឹតកាបូន ហើយអ្វីៗទាំងអស់នៅក្នុងប្រាសាទ រាប់ចាប់ពីភ្លើងរហូតដល់ឧបករណ៍ប្រើប្រាស់ នឹងត្រូវបានបំពាក់ដោយប្រភពថាមពល កកើតឡើងវិញ ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់។

នៅក្នុងប្រាសាទពីរ៉ាមីត Ziggurat នឹងរួមមាន កន្លែងស្នាក់នៅ កន្លែងពាណិជ្ជកម្ម និងកន្លែងកម្សាន្តនានា រាប់ចាប់ពីសួនច្បារបៃតងខៀវស្រងាត់ រហូតដល់ទីផ្សារដែលមានមនុស្សច្រើនកុះករ និងកន្លែងដែលមានផាសុកភាព សម្រាប់សម្រាកលំហែកាយផងដែរ។
លោក Ridas Matonis នាយកគ្រប់គ្រងសមាគមអ្នករៀបចំផែនការទីក្រុង Timelinks ដែលរចនាគម្រោងមួយនេះ បានលើកឡើងថា “សហគមន៍ពីរ៉ាមីត Ziggurat អាចមានថាមពលគ្រប់គ្រាន់ដោយខ្លួនឯងស្ទើរតែទាំងស្រុង ហើយក្រៅពីការប្រើប្រាស់ថាមពលចំហាយទឹកនៅក្នុងអគារ យើងក៏នឹងប្រើប្រាស់បច្ចេកវិទ្យាទួរប៊ីនខ្យល់ ដើម្បីទាញយកធនធានថាមពលធម្មជាតិផងដែរ”៕