ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យសេវាកម្មអចលនទ្រព្យនៅទីក្រុងហូជីមិញ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ ដោយបង្កើតប្រាក់ចំណូលបានចំនួន៤២,៣ទ្រីលានដុង (ប្រហែល១,៧២ពាន់លានដុល្លារ) ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ។
ចំនួនទឹកប្រាក់ខាងលើនេះតំណាងឱ្យការកើនឡើង២០,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមការិយាល័យស្ថិតិរបស់ទីក្រុងហូជីមិញ។
ប្រភពប្រាក់ចំណូលទាំងនោះ រួមមានកម្រៃឈ្មួញកណ្តាល ដែលបានមកពីការលក់ និងជួលអចលនទ្រព្យ និងប្រាក់ចំណូលពីសកម្មភាពផ្សេងទៀតដូចជា ការវាយតម្លៃទៅលើតម្លៃ សេវាច្បាប់ និងសេវាកម្មហិរញ្ញវត្ថុទាក់ទងនឹងការជួញដូរអចលនទ្រព្យ។
ទីភ្នាក់ងារស្ថិតិវៀតណាមបានវាយតម្លៃថា កំណើននេះ ត្រូវបានជំរុញដោយគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាល ក្នុងការដកចេញនូវឧបសគ្គផ្លូវច្បាប់ ព្រមទាំងគាំទ្រទីផ្សារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍ ដើម្បីជំរុញតម្រូវការលំនៅដ្ឋាន។