អ្នកវិនិយោគជាតិ អន្តរជាតិជិត២០០នាក់ ចូលរួមដោះស្រាយគំរោងជាប់គាំងបីប្រភេទនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ក្រុមការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី”ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជន”។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនេះ ដែលជាការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជន ស្ថិតក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា-ណាចក្រកម្ពុជា ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីសមាជិកក្រុមការងារ មន្ត្រីជុំវិញខេត្ត និង វិស័យឯកជន ដែលរួមមានវិនិយោគិន និងធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និងឆ្នេរ ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេ​ស និងម្ចាស់អគារជាប់គាំងសរុបប្រមាណ១៨០នាក់ ។ កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ពន្យល់ច្បាស់ និងត្រឹមត្រូវអំពីកម្មវិធីពិសេស លើកទឹកចិត្ត និងជំរុញវិនិយោគិន និង ធុរជនដាក់ពាក្យស្នើ និងរៀបចំជំនួបធុរកិច្ច សម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស។

ក្រុមការងាររៀបចំជាកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីធ្វើឱ្យមានលក្ខណៈសាមញ្ញ និងបង្កលក្ខណៈងាយស្រួល ដល់អ្នកចូលរួម ពិសេសវិនិយោគិន និង ធុរជនអាចចូលរួមក្នុងការលើកឡើងនូវមតិ ឬ សំណួរ និង ការស្នើផ្សេងៗ ដោយចំហរ ដោយត្រង់ៗ ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។

លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបបានមានប្រសាសន៍ក្នុងពិធីបើកិច្ចប្រជុំកាលពីថ្ងៃទី១៣ មិនា ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោ​ងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលស្នើសុំនិងអនុវត្តន៍ក្នុងឆ្នាំ ២០២៤។

កម្មវិធីនេះផ្តោតលើគម្រោងបីប្រភេទដូចជា ១) គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង និង ៣) ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ។ ដោយផ្អែកលើប្រភេទគម្រោ​ងទាំងនេះ រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និង ការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស។

យោងតាមកម្មវិធីពិសេស, ជារួមការលើកទឹកចិត្តផ្នែកសារពើពន្ធមានដូចខាងក្រោម ទី១). ការផ្តល់ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ។

ទី២). ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែ និងពន្ធអប្បបរមារយៈពេល៣ឆ្នាំ។  ទី៣). ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ ឬ ជួសជុលអគារដែលសង់មិនទាន់រួចរាល់ ឬ ធាតុចូលផលិតកម្មក្នុងស្រុក  ទី៤). ការលើកលែងពន្ធកាត់ទុកលើការជួលអចលនវត្ថុ និងទី៥) ការលើកលែងពន្ធលើអចលនទ្រព្យ និង ការពិន័យរដ្ឋបាលសម្រាប់ឆ្នាំ ២០១៦-២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here