រដ្ឋាភិបាលចិនកំពុងបញ្ជូនសារយ៉ាងច្បាស់លើការស្វាគមន៍ និងបើកទ្វារចំហដល់វិនិយោគិនបរទេស

0

ដោយ: គង់ លាងហួរ

ប៉េកាំង: បណ្តាថ្នាក់ដឹកនាំកំពូលនៃប្រទេសចិន បានខិតខំប្រឹងប្រែងគ្រប់សព្វបែបយ៉ាង ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញការវិនិ​យោគពីបរទេសឡើងវិញ នៅក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំធុរកិច្ចបរទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើង ស្របពេលដែលទីក្រុងប៉េកាំង កំពុងព្យាយាមសម្រេចឱ្យបាន នូវគោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយសម្រាប់ឆ្នាំ២០២៤ បន្ទាប់ពីលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលទៅក្នុងប្រទេសចិន បានដាំក្បាលចុះ។

ក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ លំហូរFDI ចូលទៅក្នុងប្រទេសចិនបានដាំក្បាល១៩,៩ភាគរយ បើធៀបនឹងឆ្នាំមុន មកនៅត្រឹមទំហំទឹកប្រាក់ចំនួន២១៥,១ពាន់លានយ័ន (ប្រហែល២៩,៨ពាន់លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មចិន។China's foreign investment, confidence push gathers speed as top officials  highlight 'win-win opportunities' | South China Morning Postវាជារឿងដ៏កម្រមួយ ដែលគេសង្កេតឃើញ មន្ត្រីជាន់ខ្ពស់ចិនស្ទើរតែគ្រប់រូប ដែលទទួលខុសត្រូវលើកិច្ចការសេដ្ឋកិច្ចបានជួប ឬមានគម្រោងជួបជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនបរទេសចម្រុះជាតិសាស​ន៍ បូករួមទាំងការជួបគ្នាក្នុងអំឡុងវេទិកាអភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ប្រទេសចិន ដែលបានបិទបញ្ចប់កាលពីថ្ងៃច័ន្ទ ទី២៥ ខែមីនា។

តួយ៉ាង លោកអនុប្រធានាធិបតីចិន Han Zheng និងលោកឧបនាយករដ្ឋមន្ត្រីចិន Ding Xuexiang កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានជួបជាមួយក្រុមអ្នកតំណាង អ្នកធុរកិច្ចបរទេសមួយចំនួន នៅក្នុងវេទិកាអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ប្រទេសចិន ដែលរៀបចំឡើងរយៈពេល២ថ្ងៃនៅទីក្រុងប៉េកាំង។

នៅថ្ងៃដដែលនោះ លោក Cai Qi ប្រធានអគ្គលេខាធិការដ្ឋានគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ របស់គណបក្សកុម្មុយនិស្តចិន បានជួបជាមួ​យលោក Stephen Schwarzman នាយកប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មខ្នាតយក្ស Blackstone ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានXinhua។

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំមួយ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបរទេសធំៗផងដែរ។ ជាមួយគ្នានេះ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន គ្រោងនឹងអញ្ជើញចូលរួម ក្នុងពិធីបើកវេទិកាបូអាវ (Boao) សម្រាប់តំបន់អាស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា។

លោក Xu Mingqi សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអន្តរជាតិ នៃបណ្ឌិត្យសភាក្រុងសៀងហៃ បានលើកឡើងថា ការជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបរទេសទាំងនេះ បានបង្ហាញសញ្ញាថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតែមានសារៈសំខាន់ និងជាស្នូលសម្រាប់ប្រទេសចិន ខណៈប្រទេសចិន កំពុងមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយជាមួយបណ្តាប្រទេសលោកខាងលិច និងការថយចុះនៃទំនុកចិត្តរបស់វិនិយោគិនបរទេស។

លោក​បាន​បន្តថា​ “ពិភពលោក​បាន​ និងកំពុងតាម​ដាន​មើល​ថា​ តើ​ទីក្រុងប៉េកាំង នឹង​បន្ត​បើក​ចំហ​ប្រទេសរបស់ខ្លួនទៀត ​ឬ​យ៉ាងណា ខណៈដែលមាន​ការ​បកស្រាយ​ខុស​ និង​ការ​មិន​ទុក​ចិត្ត​ជា​ច្រើន​បានកើតឡើង”។

លោកបន្ថែមថា នាពេលនេះ ប្រទេសចិនកំពុងបញ្ជូនសារយ៉ាងច្បាស់លាស់ដល់ពិភពលោកថា ខ្លួននឹងបន្តបើកទ្វារទូលាយដល់វិនិយោគិនបរទេស ហើយពួកគេនឹងនៅតែមានឱកាសជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here