មន្រ្តីជាន់ខ្ពស់លើកឡើងពីគុណសម្បត្តិរបស់ច្បាប់វិនិយោគកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានលើកឡើងថា រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយវិនិយោគ ដែលបើកចំហ តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងមានភាពអំណោយផលសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។

លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សា ការងារជាមួយក្រុមការងារGIZ Cambodia តំណាងដោយលោកស្រីគង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន ក្នុងគោលបំណងពិភាក្សា និងផ្តល់ជាធាតុចូលលើឯកសារស្តីពី ការកំណត់កាលានុវត្តភាពធុរកិច្ច ឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម សម្រា​ប់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។

មានមតិក្នុងជំនួបនេះ សមភាគីបានលើកឡើងអំពីភាពចាំបាច់នៃការរៀបចំឯកសារខាងលើ ក្នុងគោលដៅវាយតម្លៃសេវាកម្ម ឬផលិត​ផល ដែលមានសក្តានុពលសម្រាប់ការនាំចេញ ស្វែងយល់ពីច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងរបបលើកទឹកចិត្ត និងកំណត់នូវវិស័យដែលត្រូវកែលម្អ និងផ្តល់នូវការគាំទ្របន្ថែម។

ក្នុងន័យនេះ ការចូលរួមផ្តល់ធាតុចូល ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងផ្តល់នូវពុទ្ធិបន្ថែម សម្រាប់ជួយបំពេញបន្ថែមខ្លឹមសារ នៃឯកសារដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានព័ត៌មានលម្អិត និងគ្រប់ជ្រុងជ្រោយ។

លោកបានថ្លែងអំណរគុណជូនក្រុមការងារ GIZ Cambodia ដែលបានឆ្លៀតពេលវេលា មកជួបពិភាក្សាដោយផ្ទាល់ ដើម្បីឈ្វេង​យល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។ ពាក់ព័ន្ធនឹងការលើកកម្ពស់ការចូលរួម ប្រកបដោយបរិយាបន្នរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្ម ឆ្លងកាត់ព្រំដែន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយវិនិយោគ ដែលបើកចំហ, មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងមានភាពអំណោយផល ជាពិសេសការផ្តល់នូវឱកាស សម្រាប់ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ សម្រាប់ការបញ្ជាទិញនូវផលិតផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់ខ្សែ ច្រវាក់ផលិតកម្មទាំងនោះ។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចូលរួមចំណែកផ្តួចផ្តើមគំនិតបង្កើតថ្នាលនានា រួមមានតុវិនិយោគកសិ-ចំណីអាហារប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែ ចង្វាក់ផ្គត់ផ្គង់អភិវឌ្ឍន៍ដោយចីរភាព (SD2), និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគនានា ដើម្បីបង្កើត​ និងបង្កើនកាលានុវត្តភាព សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ក្នុងការពង្រីកឱកាសរីកលូតលាស់ ឱ្យកាន់តែស្រស់បំព្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here