IFAD ផ្តល់ហិរញ្ញប្បទានកើនដល់៥៩៣លានដុល្លារ គាំទ្រវិស័យកសិកម្មនៅកម្ពុជា

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍវិស័យកសិ​កម្ម មានទំហំហិរញ្ញប្បទានកើន ដល់ប្រមាណ៥៩៣លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD ជាមួយលោកដូណាល់ ប្រោន អនុប្រធានរងមូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានស្វាគមន៍លោក ដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការ ចូលរួមចំណែកដ៏សំខាន់របស់ IFAD ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍវិស័យ កសិកម្ម ចាប់ពីឆ្នាំ ១៩៩៣ រហូតមក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើការកត់សម្គាល់អំពីការកើនឡើងខ្លាំងនៃទំហំហិរញ្ញប្បទាន សហប្រតិបត្តិការ ដែលកាលពីឆ្នាំ ២០១៣-២០១៨ មានត្រឹមប្រមាណ៩៧លានដុល្លារអាមេរិក និងបានកើនរហូតដល់ប្រមាណ៥៩៣ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២-២០២៧ ។

ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមាន លក្ខណៈជាយុទ្ធសាស្រ្ត រវាងកម្ពុជា និងIFAD និងបានថ្លែងអំណរគុណIFAD ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា ។

លោកដូណាល់ ប្រោន បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ។

លោកបានគូសបញ្ជាក់ឡើងវិញ អំពីជំហរច្បាស់លាស់របស់ IFAD ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រការ អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here