គម្រោងសាងសង់ស្ពានភ្នំពេញ អរិយក្សត្រតម្លៃជាង២៤០លានដុល្លារស្ថិតកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ​អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានបង្ហើបឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ តភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី ​ឆ្ពោះទៅ​តំបន់​អរិយក្ស​ត្រ​​ កំពុងស្ថិតក្នុង​ដំណាក់​កាល​ជ្រើសរើស ក្រុមហ៊ុនទីប្រឹក្សាបច្ចេក​ទេ​ស ដែល​បានជាប់ក្នុងដំណាក់កាលជម្រុះ​កាលពីពេល​កន្លង​ទៅ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈាន​ទៅដល់​ការ​កំណត់​កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ ដោយពុំទាន់អាចកំណត់ ពេលវេលាជាក់​លាក់បាន​នៅ​ឡើយនោះទេ។​

គម្រោងសាងសង់ស្ពានថ្មីនេះ ទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខា ក្នុងទំហំទឹកប្រាក់ជិត២៤៦លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបានឱ្យដឹងកាលពីពេលកន្លងមកថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងបើកការដ្ឋាននៅ​ដើម​ឆ្នាំ២០២៥ ខាងមុខ​។

តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១​តភ្ជាប់ពីខាង​មុខ​ផ្សាររាត្រី ឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លង​កាត់ទន្លេ​មេគង្គទៅអរិយក្សត្រ។

រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េបានដាក់ក្តីសង្ឃឹមថា ស្ពា​ន​នេះ នឹងជួយរួមចំណែកដល់​ការ​អភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរ នឹង​បន្តពង្រីកកិច្ច​សហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់​ទាញ​​ក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីក​លើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែក​ដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here