ដោយៈ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុន NOA Land Co., Ltd. (Hinoya Curry Chain) បានស្វែងរកដៃគូសហការ ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា។
ក្រុមហ៊ុននេះបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០០៤ ដែលមកដល់ឆ្នាំ២០១៩ មានហាងចំនួន៦០នៅប្រទេសជប៉ុន និងសាខាចំនួនសរុប១០១ ដែលមានក្នុងប្រទេសថៃ អាមេរិក និងបណ្តាលប្រទេសដទៃទៀត។ក្រុមហ៊ុនខាងលើនេះ មានគោលបំណងស្វែងរកដៃគូសហការ ដើម្បីបើកហាងសាខា Hinoya Curry នៅប្រទេសកម្ពុជា។
-->
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន NOA Land Co., Ltd. (Hinoya Curry Chain) និងលោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចពិភាក្សានេះធ្វើឡើងក្នុងពេលលោកតាន់ មុនីវណ្ណ អញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានទស្សនកិច្ចនិងគោះទ្វារអ្នកវិនិយោគនៅប្រទេសជប៉ុន។
លោកតាន់ មុនីវណ្ណ បានសម្តែងសេចក្តីសោមន្សរីករាយ ដែលបានជួបជាមួយនឹងក្រុមហ៊ុនជប៉ុន ដែលជាឱកាសដើម្បីការបង្ហាញនូវចុក្ខវិស័យរបស់វិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជូនដល់ធុរជនជប៉ុននេះពេលនេះ៕
