ភ្នំពេញ៖ ជាផ្នែកមួយនៃការវិនិយោគ និងធ្វើពិធិធកម្មផលិតផលទេសចរណ៍ ក្រុមហ៊ុន Sabay Sabay Street គ្រោងធ្វើការអភិវឌ្ឍប្រែក្លាយផ្លូវ១៧៤ ស្ថិតនៅក្នុងសង្កាត់ចតុមុខទៅជាកន្លែងកំសាន្តដ៏ប្រណីតនាពេលរាត្រី ដើម្បីទទួលស្វាគមនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តនៅរាជធានីភ្នំពេញ។
នាយកប្រតិបត្តិក្រុមហ៊ុន Sabay Sabay Street លោក Dwight Hayden បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះថា ក្រុមហ៊ុន Sabay Sabay Street បានបោះទុនវិនិយោគនៅតំបន់នេះ ប្រមាណជាជាង៣ឆ្នាំហើយ ក្នុងនោះមានដូចជាសណ្ឋាគារ បាឌីស្គូ និងកន្លែងកំសាន្តផ្សេងៗជាច្រើន ដើម្បីស្វាគមនអតិថិជនភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តសប្បាយ ដើម្បីបន្ធូអារម្មណ៍។

-->
លោកបន្តថា ក្រុមហ៊ុន Sabay Sabay Street នឹងពង្រីកការអភិវឌ្ឍតំបន់នេះ អោយក្លាយជាកន្លែងកំសាន្តដ៏ប្រណីតមួយ ដូចបណ្តាប្រទេសដទៃទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកំសាន្តកម្ពុជា អោយកាន់តែច្រើន ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវបរទេស។
លោក Robert Schmalohr ស្ថាបនិកក្រុមហ៊ុន Sabay Sabay Street បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសអោយក្រុមហ៊ុនរបស់លោក ធ្វើការវិនិយោគនៅលើទឹកដីកម្ពុជា ហើយលោកប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រែក្លាយកន្លែងនេះ ក្លាយជាកន្លែងកំសាន្តដ៍ទាក់ទាញមួយនៅក្នុងតំបន់អាស៊ាន។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ផ្តល់ឱកាសអោយក្រុមហ៊ុនបរទេសជាច្រើន មកវិនិយោគនៅប្រទេសកម្ពុជាលើវិស័យទេសចរណ៍ ហើយភាគច្រើនក្រុមហ៊ុនបរទេសទាំងនោះវិនិយោគលើសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងៗកំសាន្ត។សម្រាប់ការអនុញ្ញាតអោយក្រុមហ៊ុនបរទេសវិនិយោគនេះ ក្នុងគោលដៅប្រក្លាយក្លាយប្រទេសកម្ពុជាអោយក្លាយជាគោលដៅទេសចរណ៍ដ៍ទាក់ទាញបំផុត។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានស្វាគមន៍គំរោងនេះ ដោយលោកចាត់ទុកថា វាជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់រាជធានីភ្នំពេញ ខណៈបច្ចុប្បន្ននៅរាជធានីភ្នំពេញមានកន្លែងកំសាន្តនៅមានកម្រិត ហេតុនេះការវិនិយោគពីវិស័យឯកជនមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាបង្កើតឲ្យមានកន្លែងកំសាន្តនាពេលរាត្រីឲ្យបានច្រើន។
លោកបន្តថា “កម្ពុជាមានសក្តានុពលលើវិស័យទេសចរណ៍វប្បធ៌ម និងធម្មជាតិច្រើនណាស់ ប៉ុន្តែទាមទារឲ្យមានការវិនិយោគរមណីយដ្ឋានកែច្នៃ និងផលិតផលទេសចរណ៍ជាច្រើនទៀត ទើបយើងទាក់ទាញឲ្យភ្ញៀវស្នាក់នៅបានយូរ និងចំណាយប្រាក់ច្រើន”៕