ដោយៈ គង់ សូរិយា
អន្តរជាតិៈ របាយការណ៍ថ្មី សិក្សាដោយក្រុមហ៊ុនប្រឹក្សាការធ្វើចំណាកស្រុកHenley & Partners(UK)បានរកឃើញថា មហាសេដ្ឋី ប្រហែល១២៨,០០០នាក់នៅក្នុងពិភពលោក ត្រូវបានគេរំពឹងថា នឹងធ្វើចំណាកស្រុកនៅឆ្នាំនេះ ដែលជាចំនួនដ៏ខ្ពស់មួយ។
យោងតាមរបាយការណ៍ទាំងនេះ មហាសេដ្ឋីទាំងនោះជាបុគ្គល ដែលមានទ្រព្យសម្បត្តិចាប់ពី១លានដុល្លារ ឬច្រើនជាងនេះ ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធច្រើន(HNWI)។
-->
អ្នកជំនាញ Dominic Volek នៃ Henley & Partners បានធ្វើអត្ថាធិប្បាយថា នៅពេលដែលពិភពលោក តស៊ូជាមួយភាពតានតឹងភូមិសាស្ត្រនយោបាយ អស្ថិរភាពសេដ្ឋកិច្ច និងសង្គមមហាសេដ្ឋីកាន់តែច្រើនឡើង កំពុងស្វែងរកទីជម្រកសុវត្ថិភាពសម្រាប់ទ្រព្យសម្បត្តិ និងអត្ថប្រយោជន៍សម្រាប់ខ្លួន និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
កាលពីថ្ងៃទី១៩ខែមិថុនា ស្ថានីយទូរទស្សន៍ CNBC បានដកស្រង់របាយការណ៍ដែលនិយាយថា អារ៉ាប់រួម(UAE)គឺជាគោលដៅដ៏ពេញនិយមបំផុត សម្រាប់មហាសេដ្ឋីនៅឆ្នាំនេះ នៅពេលដែលវាត្រូវបានគេរំពឹងថា នឹងទាក់ទាញមហាសេដ្ឋីចំនួន៦,៧០០នាក់។ នេះជាឆ្នាំទី៣ជាប់ៗគ្នា ដែលUAE បានឈរនៅលំដាប់កំពូលក្នុងបញ្ជីនេះ ដោយសារកត្តាមួយចំនួនដូចជា គោលនយោបាយពន្ធទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ… ប្រទេសមជ្ឈិមបូព៌ានេះក៏មានកម្មវិធី “ទិដ្ឋាការមាស”ដើម្បីទាក់ទាញអ្នកវិនិយោគ អ្នកជំនួញ និងអ្នកមានទេពកោសល្យ មនុស្សមកពីខាងក្រៅ។
នៅពីក្រោយUAEគឺសហរដ្ឋអាមេរិក និងសិង្ហបុរី ដែលរំពឹងថា នឹងទាក់ទាញមហាសេដ្ឋី៣៨០០ និង៣,៥០០នៅឆ្នាំនេះរៀងគ្នា។ ឈ្មោះដែលនៅសល់ចំនួន៧ នៅក្នុងកំពូលទាំង១០គឺកាណាដា អូស្ត្រាលី អ៊ីតាលី ស្វីស ក្រិក ព័រទុយហ្គាល់ និងជប៉ុន។ ផ្ទុយទៅវិញ យោងតាមរបាយការណ៍ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកត់ត្រានូវមហាសេដ្ឋី ដែលចាកចេញពីប្រទេសនេះ ច្រើនជាងគេក្នុងឆ្នាំនេះ(១៥,២០០នាក់) បន្ទាប់មកគឺចក្រភពអង់គ្លេស (៩,៥០០នាក់) និងឥណ្ឌា (៤,៣០០នាក់) ។កត្តាសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ បានរួមចំណែកធ្វើឱ្យមហាសេដ្ឋីចិនជាច្រើន ជ្រើសរើសចាកចេញដោយសហរដ្ឋអាមេរិក ជាគោលដៅកំពូល។
ទន្ទឹមនឹងនោះអ្នកជំនាញខ្លះនិយាយថា ភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយ ធ្វើឱ្យចក្រភពអង់គ្លេសលែងជាគោលដៅកំពូល សម្រាប់អ្នកមានលើពិភពលោកទៀតហើយ។លើសពីនេះ មហាសេដ្ឋីឥណ្ឌាជាច្រើននាក់ ចង់ទៅក្រៅប្រទេស ដើម្បីស្វែងរកជីវិតប្រសើរជាងមុន សុវត្ថិភាពជាង និងបរិស្ថានស្អាត៕