ក្រុមហ៊ុនផលិតកម្មរបស់ជប៉ុនបាត់បង់មានទំនុកចិត្ត ស្របពេលសេដ្ឋកិច្ចបាត់បង់តុល្យភាព

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិរបស់កាសែត Reuters ប្រចាំខែមិថុនានេះ បានបង្ហាញថា បណ្តាក្រុមហ៊ុនផលិតកម្មជប៉ុន ហាក់មិនសូវមានទំនុកចិត្ត លើអាជីវកម្មរបស់ពួកគេ ដោយសារតម្លៃសម្ភារៈវត្ថុធាតុដើមមានការកើនឡើង។

ការស្ទង់មតិទៅលើក្រុមហ៊ុនផលិតកម្ម ដែលជាសូចនាករ និងជាមូលដ្ឋាន នៃការសម្រេចចិត្តដ៏សំខាន់ សម្រាប់ធនាគារកណ្តាលជប៉ុន (BOJ) បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជប៉ុនហាក់ពុំមានតុល្យភាពនោះទេ។

សន្ទស្សន៍ទំនុកចិត្ត របស់ក្រុមហ៊ុនផលិតកម្មជប៉ុន បានធ្លាក់ចុះដល់៦ពិន្ទុ ក្នុងខែមិថុនានេះ បើធៀបនឹង១០ពិន្ទុកាលពី៣ខែមុន និងធ្លាក់ចុះពី៩ពិន្ទុ ក្នុងខែឧសភា។ ក្រុមហ៊ុនផលិត កម្មបានរងផលប៉ះពាល់ ដោយសារការដាំក្បាលចុះ នៃតម្លៃប្រាក់យ៉េន និងការកើនឡើងតម្លៃវត្ថុធាតុដើម ដែលត្រូវការនាំចូលមក​ពី​ក្រៅ​ប្រទេស។

អ្នកគ្រប់គ្រងក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនមួយរូប បានសរសេរបញ្ចេញមតិយោបល់ថា “កំណើនថ្លៃសម្ភារៈ និងការកើនឡើង នៃថ្លៃចំណាយលើកម្លាំងពលកម្ម កំពុងបង្ខំឱ្យក្រុមហ៊ុនកាត់បន្ថយ ការចំណាយដើមទុនវិនិយោគ និងការចំណា យផ្សេងៗទៀត”។

ក្រុមហ៊ុនផលិតកម្មមួយចំនួន ក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីផលប៉ះពាល់នៃបញ្ហារឿងអាស្រូវ នៅក្នុងឧស្សាហកម្មរថយន្ត ក្រោយពីក្រុមហ៊ុន Toyota ក្រុមហ៊ុន Mazda និងក្រុមហ៊ុនផ្សេងទៀត បានទទួលស្គាល់ភាពមិនប្រក្រតី ឬកំហុសនៅក្នុងការធ្វើតេស្ត លើសុវត្ថិភាពយានយន្តដែលពួកគេផលិត។

អ្នកគ្រប់គ្រងមួយរូប នៅក្នុងវិស័យរថយន្តបានសរសេរថា “បរិយាកាសអាជីវកម្ម ជុំវិញឧស្សាហកម្មគ្រឿងម៉ាស៊ីនកំពុងផ្លាស់ប្តូរយ៉ាងច្បាស់ណាស់ ខណៈស្ថានភាពកាន់តែវិវត្តន៍អាក្រក់ទៅៗ។ ប៉ុន្តែយើងមិនដឹងច្បាស់ថា តើបញ្ហានេះនឹងអាចជះផលប៉ះពាល់ ដល់អាជីវកម្មរបស់យើងខ្លាំង កម្រិតណានោះទេ”។

យ៉ាងណាមិញ ក្រុមសេដ្ឋវិទូបានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល និងការកាត់បន្ថយអត្រាពន្ធ លើប្រាក់ចំណូលចាប់ពីខែមិថុនានេះ នឹងធ្វើឱ្យទំនុកចិត្តលើអាជីវកម្ម នៅក្នុងវិស័យសេវាកម្មស្ទុះងើបឡើងវិញ៕ប្រភព: Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here