ផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនក្លាយជាភាពជោគជ័យមួយសម្រាប់វិស័យទេសចរណ៍ និងការដឹកជញ្ជូន

0

ដោយ: គង់ លាងហួរ

វៀងច័ន្ទន៍: ផ្លូវរថភ្លើងល្បឿនលឿនឡាវ -ចិន​បាន​បម្រើឱ្យការដឹក​ទំនិញ​ចំនួន​២,៣​លាន​តោន ​ក្នុង​រយៈពេល​៥​ខែ​ដំបូងដើមឆ្នាំ​២០២៤នេះ កើនឡើង​៣១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

យោងតាមទីភ្នាក់ងារគយ នៅទីក្រុងគុនមីងរបស់ប្រទេសចិន បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ រថភ្លើងល្បឿនលឿន តភ្ជាប់រវាងប្រទេសឡាវ និងប្រទេសចិន បានធ្វើដំណើរចំនួន៣.០៧៦ជើង កើនឡើង៣០,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

លើសពីនេះទៀត ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកល្បឿនលឿនឡាវ-ចិន បានបើកដំណើរការរថភ្លើង ដឹកអ្នកដំណើរជាង១០.០០០ជើង គិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ ដោយថែមទាំងបានដឹកអ្នកដំណើរយ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍ស្ថិតិ ពីក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកឡាវ-ចិន នៅសាខាទីក្រុង Kunming បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ផ្លូវដែកខាងលើបានបើកដំណើរការរថភ្លើងចំនួន១០.៦៤២ជើង ដែលផ្ទុកអ្នកដំណើរសរុបចំនួន៨,៧២លាននាក់។

សមិទ្ធិផលនេះ បានក្លាយជាជម្រើសដ៏សំខាន់ នៃការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរណ៍ ព្រមទាំងសិស្ស និស្សិត និងពាណិជ្ជករ។ ម្យ៉ាងទៀត ផ្លូវហេដ្ឋារចនាសម្ព័ន្ធមួយនេះ ក៏កំពុងជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើតវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។

ផ្លូវរថភ្លើងល្បឿនលឿនវៀងចន្ទន៍-គុនមីង គឺជានិមិត្តរូបដ៏សំខាន់មួយ នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសឡាវ និងប្រទេសចិន និងបានក្លាយជាកម្លាំងចលករ ជំរុញយុទ្ធនាការ“ទស្សនាប្រទេសឡាវឆ្នាំ២០២៤”។

គិតចាប់តាំងពីចុងឆ្នាំ២០២៣មក ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកឡាវ-ចិន និងក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃប្រទេសឡាវ បានសហការគ្នាជំរុញវិស័យទេសចរណ៍ តាមរយៈការស្រូបទាញយក សក្តានុពលផ្លូវដែកឱ្យកាន់តែប្រសើរឡើង៕ប្រភព:The Vientiane Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here