ដោយៈ គង់ សូរិយា
កំពតៈ អភិបាល នៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនបានបង្ហើបឲ្យដឹងថា ខេត្តកំពុងសាងសង់ នាឡិការយក្យ មានកម្ពស់៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត១០ម៉ែត្រ ហើយត្រូវបានរចនាឡើង ទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាទ។
អភិបាលខេត្តរូបនេះបានបញ្ជាក់ថា នាឡិកាយក្សនេះ នឹងមានលេខម៉ោង គឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ ហើយរដ្ឋបាលខេត្ត ក៏នឹងចាប់ផ្តើមដំណើរការ រៀបចំឆ្នេរសមុទ្រកម្សាន្ត ជាបណ្តើរៗនៅចុងខែមិថុនានេះ។លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤។
-->
លោកម៉ៅ ធនិនឲ្យដឹងទៀតថា ក្រោយពិសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែង ត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្ត ក្នុងខេត្តកំពត មានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកបានបន្តថា “កំពតគឺជាខេត្តមួយ ក្នុងចំណោមខេត្តទាំងបួន ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្ត ដែលមានសក្តានុពល លើវិស័យទេសចរណ៍។ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយក ការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង និងមុនគេ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានសក្តានុពលក្នុងខេត្ត”។
លោកអភិបាលខេត្តបានបន្តថា គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើស យកវិស័យទេសចរណ៍នេះ មកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពត មានទីតាំងជាច្រើនដែលពោរពេញ ទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូល ពីវិស័យដ៏មានសក្តានុពលមួយនេះ៕
