ដោយ: គង់ លាងហួរ
ម៉ានីល: ក្រសួងទេសចរណ៍ហ្វីលីពីន គ្រោងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទាក់ទាញប្រភពភ្ញៀវទេសចរណ៍ផ្សេងទៀតក្រៅពីប្រទេសចិន បន្ទាប់ពីក្រសួងការបរទេសហ្វីលីពីនបានរឹតបន្តឹងលក្ខខណ្ឌចំពោះពលរដ្ឋចិន ដែលចូលមកស្នើសុំទិដ្ឋាការ។
លោកស្រី Christina Frasco រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីនបានអះអាងថា “ការកំណត់ដាក់លក្ខខណ្ឌ និងតម្រូវការបន្ថែមទៀត លើការដាក់ពាក្យស្នើសុំទិដ្ឋាការ ដោយជនជាតិចិន នឹងពិតជាបង្កបញ្ហាលំបាក ចំពោះភ្ញៀវទេសចរណ៍ចិន ដែលមានបំណងចូលមកកាន់ប្រទេសរបស់យើង”។
លោកស្រីបានបន្ថែមថា ទោះជាយ៉ាងណាក្តី យើងយល់ឃើញពីទិសដៅគោលនយោបាយ ក៏ដូចជាការសម្រេចចិត្តរបស់ក្រសួងការបរទេស ជាពិសេសគឺផ្អែកលើមូលហេតុសន្តិសុខជាតិមួយចំនួន។
ប៉ុន្តែដើម្បីទប់ស្កាត់ផលប៉ះពាល់ ពីគោលនយោបាយទិដ្ឋា ការថ្មីនេះ ក្រសួងទេសចរណ៍ហ្វីលីពីន គ្រោងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញអ្នកធ្វើដំណើរ មកពីទីផ្សារក្រៅប្រទេសផ្សេងទៀត ដែលរួមមានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនជាដើម។
យោងតាមទិន្នន័យ ពីក្រសួងទេសចរណ៍ហ្វីលីពីន (DOT) បានបង្ហាញថា គិតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបានទទួលស្វាគមន៍ អ្នកដំណើរអន្តរជាតិចំនួន២.៥៦៩.៣៧៩នាក់ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ។
ក្នុងចំណោមនោះ អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូងមានចំនួន៦៨២.៣៦២នាក់ ខណៈអ្នកដំណើរមកពីសហរដ្ឋអាមេរិកមានចំនួន៤០៣.៧២១នាក់ និងអ្នកដំណើរមកពីប្រទេសជប៉ុនមានចំនួន១៥៨.៤៦១នាក់។
ជាមួយគ្នានេះ រដ្ឋាភិបាលហ្វីលីពីន ក៏កំពុងពង្រីកការផ្សព្វផ្សាយ គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀត ដែលរួមមានដូចជាប្រទេសឥណ្ឌា និងតំបន់មជ្ឈិមបូព៌ា ដើម្បីធានាថា ហ្វីលីពីននៅមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ក្នុងការទាក់ទាញអ្នកដំណើរអន្តរជាតិចម្រុះជាតិសាសន៍។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលហ្វីលីពីន បានដាក់ចេញគោលដៅ ក្នុងការស្រូបទាញលំហូរភ្ញៀវ ទេសចរណ៍អន្តរជាតិឱ្យចូលមកទស្សនាប្រទេសរបស់ខ្លួន ឱ្យបានចំនួន៧,៧លាននាក់ នៅក្នុងឆ្នាំ២០២៤នេះ៕ប្រភព:Philstar.com៕







