ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងហ្សាការតា កំពុងរៀបចំផែនទីបង្ហាញផ្លូវមួយ ដើម្បីរក្សាតួនាទីរបស់ទីក្រុងហ្សាការតា ក្នុងនាមជាចំណុចស្នូល នៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។
ទីក្រុងហ្សាការតា នឹងត្រូវបាត់បង់ឋានៈជា រដ្ឋធានី ក្រោយពីលោកប្រធានាធិបតី Joko Widodo ចេញក្រឹត្យមួយប្រកាសដាក់ឈ្មោះរដ្ឋធានីជាផ្លូវការថា “Nusantara” ដែលជាគម្រោងខ្នាតយក្សតម្លៃ៣២ពាន់លានដុល្លារអាមេរិក។
-->
សភាឥណ្ឌូនេស៊ី បានកំណត់ឋានៈពិសេស សម្រាប់ទីក្រុងហ្សាកាតា ដើម្បីអនុញ្ញាតឱ្យទីក្រុងនេះ នៅតែអាចប្រកួតប្រជែ ងជាមួយ ទីក្រុងលំដាប់ពិភពលោកផ្សេងទៀត។ ទីក្រុងហ្សាកាតានឹងនៅតែដើរតួនាទី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាមជ្ឈ មណ្ឌលសកល សម្រាប់ពាណិជ្ជកម្ម សេវាកម្ម ហិរញ្ញវត្ថុ និងអាជីវកម្ម។
បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដែលរៀបរាប់យ៉ាងលម្អិត អំពីផែនការអភិវឌ្ឍន៍រយៈពេលវែងក្នុងទីក្រុងហ្សាការតា សម្រាប់រយៈពេល២០ឆ្នាំខាងមុខ ខណៈការរៀបចំឯកសារ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ក្នុងឆ្នាំនេះ។
លោកស្រី Sri Haryati ជំនួយការផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំ នៅលេខាធិការដ្ឋាន តំបន់រដ្ឋបាលខេត្ត Jakarta បានអះអាងថា “យើងមានចក្ខុវិស័យ ប្រែក្លាយទីក្រុងហ្សាកាតាទៅជាទីក្រុងលំដាប់ថ្នាក់សកលលោក ដែលមានវឌ្ឍនភាព ព្រមទាំងមានការប្រកួតប្រជែង និងមាននិរន្តរភាព”។
លោកស្រីបន្តថា និរន្តរភាព ពិតជាមានសារៈសំខាន់ណា ស់ ព្រោះយើងកំពុងពិភាក្សា អំពីបញ្ហាទាក់ទងនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុជាដើម។ ដូច្នេះ និរន្តរភាពគឺជាអ្វី ដែលទីក្រុងហ្សាការតា ត្រូវផ្តោតយកចិត្តទុកដាក់។
លោកស្រីបន្ថែមថា “ធនធានមនុស្ស នៅទីក្រុងហ្សាកាតាមានគុណភាពល្អ មានផលិតភាព និងមានវិបុលភាព។ សេដ្ឋកិច្ចរបស់ទីក្រុងហ្សាការតា មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបរិយាបន្ន មានសមត្ថភាពប្រកួតប្រជែងជាសាកល និងមាននិរន្តរភាព”៕ប្រភព:CNA៕