អគារទី១ក្នុងគម្រោង Diamond Bay Garden គ្រោងបញ្ចប់ការសាងសង់នៅត្រីមាសទី២ ឆ្នាំ២០២៥

0

ដោយៈគង់ លាងហួរ

ភ្នំពេញ: គម្រោងអគារលំនៅដ្ឋានសហកម្មសិទ្ឋលំដាប់ខ្ពស់ចំនួន៣ នៅទីក្រុងរណបខ្នាតយក្ស ក្នុងរាជធានីភ្នំពេញ នឹងផុសត្រដែតឡើង ពីលើផ្លូវទឹកទន្លេមេគង្គ នាពេលឆាប់ៗខាងមុខនេះ។

គម្រោងអគារប្រើប្រាស់ចម្រុះនេះមានឈ្មោះថា Diamond Bay Garden និងមានទីតាំងនៅទីក្រុងរណបកោះពេជ្រ ដែលត្រូវបានអភិវឌ្ឍន៍ ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគ Overseas Cambodian Investment Corporation (OCIC)។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ឱ្យដឹងថា “ជាមូលដ្ឋាន យើងមានឱកាសបង្កើត និងកសាងលំនៅដ្ឋាន ដែលមានទីតាំងយុទ្ធសាស្ត្រល្អ ដែលអនុ​ញ្ញាតឱ្យអ្នករស់នៅ អាចមើលឃើញទេសភាពទន្លេរ ក្នុងរាជធានីភ្នំពេញ”។

ចំណែកលោក Charles Vann អនុប្រធានប្រតិបត្តិក្រុមហ៊ុន Canadia Group បានរំលឹកថា “មុនពេលមានការអភិវឌ្ឍន៍ទីក្រុងរណបនេះឡើង ប្រជាពលរដ្ឋជិត១ពាន់គ្រួសារ បានរស់នៅក្នុងផ្ទះបណ្តោះអាសន្ន នៅភាគខាងលិចតំបន់កោះពេជ្រ ដោយគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់”។

លោកបន្តថា ក្រោយមក ដោយសារតែមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៦ ក្រុមហ៊ុន OCIC បានចាប់ផ្តើមដំណើរដ៏វែងឆ្ងាយមួយក្នុងការស្តារ និងអភិវឌ្ឍន៍កោះនេះឡើងវិញ។  ទីបំផុត កោះពេជ្រ បានក្លាយជាទីក្រុងរណបដំបូងគេ ដែលត្រូវបានសាងសង់ និងផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុន OCIC។

សព្វថ្ងៃនេះ គម្រោងលំនៅដ្ឋាននៅលើដីកោះ ដែលមានទំហំ១០០ហិកតាមួយនេះ បានរីកដុះដាលយ៉ាងឆាប់រហ័ស។ ក្នុងចំណោមនោះ គម្រោង Diamond Bay Garden គឺជាគម្រោងលំនៅដ្ឋានដ៏លេចធ្លោមួយ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ៩.៧៥៧ម៉ែត្រការ៉េ និងមានទីតាំងពិសេស នៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេបាសាក់។

ការសាងសង់អគារ Tower A នៅក្នុងគម្រោង Diamond Bay Garden កំពុងសម្រេចបានវឌ្ឍនភាពឈានឡើងជាលំដា​ប់ ដែលមានកំពស់រហូតដល់កម្ពស់១៤៦ម៉ែត្រ។ អគារលំនៅដ្ឋាន​ទាំង៣ នេះនឹង​ត្រូវបានតភ្ជាប់គ្នា ដោយ​ស្ពាន​អាកាស​​ ឬហៅថា “Sky Bridge”។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍ក៏គ្រោងនឹងបើកដំណើរការសួនច្បារ Sky Terrace និងក្លឹបកំសាន្ត Sky Bar នៅជាន់ខាងលើអគារ សម្រាប់ទាក់ទាញអ្នករស់នៅ និងសាធារណៈជនទូទៅ ឱ្យចូលមកទស្សនាកំសាន្តសប្បាយផងដែរ។

ដោយមានលំនៅដ្ឋានចំនួន៥៩១យូនីត អគារទី១នៃគម្រោងDiamond  Bay Garden ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់ នៅត្រីមាសទី២ ឆ្នាំ២០២៥ខាងមុខ។ គម្រោងអគារទាំង៣នេះ នឹងមានលំនៅដ្ឋានសរុបប្រមាណ១.៥០០យូនីត។ ការអភិវឌ្ឍន៍ត្រូវបានចែកចេញ ជា៣ដំណាក់កាល ដែលអគារនីមួយៗត្រូវបានគេប៉ាន់ស្មានថា មានតម្លៃទុនវិនិយោគប្រហែល១០០លានដុល្លារអាមេរិក៕ ប្រភព: Asia Property Award៕

LEAVE A REPLY

Please enter your comment!
Please enter your name here