ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិនិយោគនៅទូទាំង តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) កំពុងងាកទៅវិនិយោគលើមាស ដើម្បីធ្វើពិពិធកម្ម និងទាញអត្ថប្រយោជន៍ ស្របពេលកំណើនសេដ្ឋកិច្ច ស្ថិតក្នុងភាពមិនច្បាស់លាស់ និងការកើនឡើងហានិភ័យ ភូមិសាស្ត្រនយោបាយ។
ការហក់ឡើងនៃតម្រូវការវិនិយោគ លើហាងឆេងមាសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល បានជំរុញឱ្យតម្លៃមាសបន្តហក់ឡើងថ្លៃយ៉ាងគំហុក កាលពីខែឧសភា ដោយសារតែបណ្តាអ្នកវិនិយោគ បាត់បង់ជំនឿលើប្រភេទទ្រព្យ សកម្មផ្សេងទៀត ដូចជា ភាគហ៊ុន និងអចលនទ្រព្យ។
-->
លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារវិនិយោគបារាំង Natixis បានមានប្រសាសន៍ឱ្យដឹងថា “ការវិនិយោគលើហាងឆេងមាស បានកើនឡើងជាលំដាប់ ដោយសារតម្លៃមាសត្រូវបានជំរុញ ដោយកំណើនតម្រូវការប្រើប្រាស់ និងជាទ្រព្យសកម្មដែលមានសុវត្ថិភាព ក្នុងអំឡុងពេលដែលមានហានិភ័យភូមិសាស្ត្រនយោបាយ”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគចាត់ទុកមាស ជាផ្នែកមួយដ៏សំខាន់នៃផលប័ត្រ ដើម្បីធ្វើពិពិធកម្មហានិភ័យ។ លោករំពឹងថា បណ្តាអ្នកគ្រប់គ្រងទ្រព្យសកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើមាស។
លោកស្រី Min Lan Tan ប្រធានការិយាល័យវិនិយោគនៅធនាគារ UBS Global Wealth Management ប្រចាំតំបន់អាស៊ីប៉ាសុីហ្វិក បានលើកឡើងថា បញ្ហាដ៏ធំដែលមិនអាចទស្សន៍ទាយបានសម្រាប់តំបន់អាស៊ី គឺការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខ”។
លោកស្រីបានអះអាងថា “ប្រសិនបើលោក Trump ទទួលបានជ័យជំនះម្តងទៀត នោះភាពមិនប្រាកដប្រជានឹងកើនឡើងកាន់តែខ្ពស់ ព្រោះតែការដាក់របាំងពន្ធគយ”។ លោកស្រីបានបញ្ជាក់បន្ថែមថា “ដើម្បីទប់ស្កាត់ហានិភ័យ ដែលអាចកើតចេញពីរបាំងពន្ធ ធនាគារ UBS កំពុងសម្រុកទិញមាសស្តុកទុក ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងៗទៀត”។
យោងតាមការស្ទង់មតិ ដែលធ្វើឡើងរួមគ្នាដោយក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ State Street Global Advisors និងក្រុមប្រឹក្សាមាសពិភពលោក(WGC) បង្ហាញថា ក្នុងរយៈពេល១២ខែ ទៅ១៨ខែខាងមុខនេះ ចំនួន២៧ភាគរយនៃម្ចាស់ទ្រព្យសកម្មសរុបនៅតំបន់APAC គ្រោងបង្កើនការវិនិយោគលើហាងឆេងមាស ខណៈម្ចាស់ទ្រព្យសកម្ម នៅតំបន់អាមេរិកខាងជើង ដែលគ្រោងបង្កើនការវិនិយោគ លើហាងឆេងមាស មានចំនួនត្រឹមតែ២១ភាគរយប៉ុណ្ណោះ៕ប្រភព:SCMP៕