ហេតុអ្វីបានជាប្រទេសម៉ាល់ឌីវដែលជាប្រជុំកោះដ៏តូច មានភាពទាក់ទាញ និងល្បីល្បាញខ្លាំងទូទាំងពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាល់ឌីវ គឺជាប្រជុំកោះដ៏តូចមួយនៅមហាសមុទ្រឥណ្ឌា ប៉ុន្តែប្រទេសនេះគឺជាគោលដៅទេសចរ ណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ដែលលម្អដោយទេសភាពទឹកសមុទ្រដ៏ថ្លាដូចគុជគ្រីស្តាល់ និងផ្កាថ្មប៉ប្រះទឹកដ៏ស្រស់ស្អាតបំផុត។

កោះឋានសួគ៌មួយនេះ មានភាពល្បីល្បាញខ្លាំង ដោយ សារសំណង់ផ្ទះលើទឹកដ៏ប្រណីត និងឆ្នេរខ្សាច់សរ ដែលធ្វើឱ្យកោះម៉ាល់ឌីវ ក្លាយជាកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះ។ ក្នុងន័យនេះ វិស័យទេសចរណ៍បានដើរតួយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចម៉ាល់ឌីវ។

កោះនេះ មានរមណីយដ្ឋានទេសចរណ៍ លំដាប់ខ្ពស់នៅលើកោះឯកជន ដែលផ្តល់ជូននូវសេវាកម្មផ្តាច់មុខ ព្រមទាំងមានសកម្មភាពនានាដូចជា ការហែលលើផ្ទៃទឹក ការជ្រមុជទឹក និងកីឡាក្នុងទឹកជាច្រើនទៀត ដែលអនុញ្ញាតឱ្យអ្នកមកទស្សនា អាចស្វែងយល់ពីជីវិតសត្វសមុទ្រចម្រុះ និងទម្រង់ផ្កាថ្ម។

លើសពីនេះ ការខិតខំប្រឹងប្រែង ឆ្ពោះទៅរកការជំរុញវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព បានជួយអភិរក្សបរិស្ថានដ៏ស្រស់ស្អាតនៅលើកោះមួយនេះ។  កោះម៉ាល់ឌីវ តំណាងឱ្យភាពសម្បូរបែបនៃតំបន់ត្រូពិច និងភាពអច្ឆរិយ:នៃធម្មជាតិ ដែលទាក់ទាញអ្នកធ្វើដំណើរទូទាំងពិភពលោក។

យោងតាមទិន្នន័យចុងក្រោយ ពីក្រសួងទេសចរណ៍ម៉ាល់ឌីវ បង្ហាញថា ប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍បរទេសឈានមុខគេទី១ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់មកគឺរុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងឥណ្ឌា។

យ៉ាងណាមិញ ចំនួនភ្ញៀវទេសចរណ៍ឥណ្ឌា បានធ្លាក់ចុះយ៉ាងគំហុក ស្របពេលទំនាក់ទំនងទ្វេរភាគីមានភាពតានតឹង។ចំនួនភ្ញៀវទេសចរណ៍ពីប្រទេសឥណ្ឌា ដែលចូលមកកាន់កោះមួយនេះបានធ្លាក់ចុះចំនួន៤២% ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ បានអំពាវនាវឱ្យមានការបង្កើន ការរួមចំណែកពីពលរដ្ឋឥណ្ឌា ដើម្បីជុំវិញសេដ្ឋកិច្ចរបស់ខ្លួន។ ម្យ៉ាងទៀត រដ្ឋាភិបាលម៉ាល់ឌីវបានសម្រេច លើកលែងទិដ្ឋាការដល់ បណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងចិន រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងឥណ្ឌា។

ដើម្បីអាចធ្វើដំណើរ ចូលទៅកាន់ប្រទេសម៉ាល់ឌីវ អ្នកដំណើរត្រូវតែមានលិខិតឆ្លងដែន ដែលមានសុពលភាព សំបុត្រធ្វើដំណើរទៅ ឬត្រឡប់មកវិញ និងភស្តុតាងបង្ហាញមធ្យោបាយហិរញ្ញវត្ថុគ្រប់គ្រាន់។ នៅពេលមកដល់ អាជ្ញាធរនឹងផ្តល់ការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃ ហើយអ្នកដំណើរត្រូវតែបំពេញសេចក្តី ប្រកាសសុខភាពអ្នកធ្វើដំណើរ ឬហៅកាត់ថា(THD) មុនពេលអាចដើរកំសាន្តបានដោយសេរី។

សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ឬធ្វើដំណើរពីបណ្តាប្រទេសមួយចំនួន ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺគ្រុនលឿងត្រូវបានទាមទារជាចាំបាច់ ប្រសិនបើអ្នកធ្វើដំណើរមានអាយុលើសពី៩ខែ ដូចដែលបានកំណត់ដោយអង្គការ សុខភាពពិភពលោក៕ប្រភព:Travel and Tour World

LEAVE A REPLY

Please enter your comment!
Please enter your name here