ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Shanghai Tower គឺជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសចិន។ អគារនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៨ និងបានបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០១៥។ អគារនេះគឺជាអគារខ្ពស់កប់ពពក ដែលមានរចនាយ៉ាងល្អវិសេសវិសាល។
អគារ Shanghai Tower ត្រូវបានរចនាឌីហ្សាញដោយក្រុមហ៊ុន ស្ថាបត្យកម្មអាមេរិក Gensler ដោយក្នុងនោះមានលោកស្ថាបត្យករ Marshall Strabala លោក Jun Xia ជាអ្នកដឹកនាំក្រុមការងាររចនាម៉ូដអគារ។
-->
អគារខ្ពស់ជាងគេនៅក្នុងប្រទេសចិនមួយនេះ ត្រូវបានរចនាឡើងប្រកបដោយគំនិតច្នៃប្រឌិតថ្មីដោយផ្អែកលើ Shikumen ដែលជារចនាបថលំនៅដ្ឋានបែបប្រពៃណីក្នុងស្រុករបស់ប្រជាជនសៀងហៃ ដែលរួមបញ្ចូលគ្នាទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។

អគារនេះមានកម្ពស់១២៨ជាន់ ឬស្មើនឹង៦៣២ម៉ែត្រ និងមានផ្ទៃក្រឡាទំហំ៣៨០.០០០ម៉ែត្រការ៉េ។ Shanghai Tower គឺជាអគារកញ្ចក់ខ្ពស់កប់ពពក ដែលមានរូបរាងរមួលត្របាញ់ខ្លួនចូលគ្នាយ៉ាងស្រស់ស្អាតជាទម្រង់មូលពងក្រពើ ដែលជួយឱ្យអគារអាចទប់ទល់នឹងខ្យល់បានល្អប្រសើរ។
ម្យា៉ងទៀត អគារនេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាស្ថេរភាពបរិស្ថាន ព្រោះអគារ Shanghai Tower អាចសន្សំថាមពលជាច្រើន តាមរយៈការប្រើប្រាស់ពន្លឺព្រះអាទិត្យ និងប្រព័ន្ធគ្រប់គ្រងកម្ដៅឆ្លាតវៃ។
អគារខ្ពស់កប់ពពក Shanghai Tower មានទីតាំងនៅទីក្រុងសៀងហៃនិងបានចំណាយពេលវេលាអស់ជិត៧ឆ្នាំដើម្បីបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ដោយបោះទុនវិនិយោគអស់ប្រមាណ២,៤ពាន់លានដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងអគារនេះថែមទាំងមានផ្ទុកនូវជណ្ដើរយន្តលឿនបំផុតលើពិភពលោក ដែលអាចដំណើរការក្នុងល្បឿន២០,៥ម៉ែត្រក្នុងមួយវិនាទី និងមានភោជនីយដ្ឋានលំដាប់ប្រណីតបំផុតនៅលើពិភពលោកថែមទៀតផង។
អគារ Shanghai Tower គឺជាមជ្ឈមណ្ឌលអាជីវកម្មធំបំផុត ដែលរួមមាន ការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត សាលតាំងពិព័រណ៍និងសារៈមន្ទីរ ព្រមទាំងមានសណ្ឋាគារប្រណីត រួមទាំងភោជនីយដ្ឋាននៅជាន់ទី១២០ និងមានកន្លែងមើលទេសភាពពីលើកំពូលអគារ (Observation Deck)។
ថ្លៃចំណាយលើការស្នាក់នៅក្នុងសណ្ឋាគារ J Hotel ក្នុងអគារ Shanghai Tower មានតម្លៃចាប់ពី៥៧០,៩៧ដុល្លារឡើងទៅ ក្នុងមួយយប់សម្រាប់មនុស្សពេញវ័យ២នាក់ ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗនៅឡើយ។ រីឯ ថ្លៃចតរថយន្ត ដែលមានការធានាសុវត្ថិភាព មានតម្លៃប្រមាណ១៦,៥៣ដុល្លារអាមេរិក ក្នុងមួយថ្ងៃសម្រាប់សិទ្ធិចូល-ចេញ។

ចំណែក ការជួលការិយាល័យដែលមានទំហំតូចចន្លោះពី៥ម៉ែត្រការ៉េទៅ២៥ម៉ែត្រការ៉េមានតម្លៃចន្លោះពី៤១០,៤ដុល្លារទៅដល់២០៥២ដុល្លារក្នុងមួយខែ។ ការជួលការិយាល័យដែលមានទំហំមធ្យមចន្លោះពី៥០ម៉ែត្រការ៉េទៅ១០០ម៉ែត្រការ៉េមានតម្លៃចន្លោះពី៤.១០៤ដុល្លារទៅដល់៨.២០៨ដុល្លារក្នុងមួយខែ។
ទន្ទឹមនឹងនេះដែរ ការជួលការិយាល័យដែលមានទំហំធំចំនួន១១៥ម៉ែត្រការ៉េមានតម្លៃ៩.៤៣៩ដុល្លារអាមេរិកក្នុងមួយខែ៕ប្រភព: Instant Offices &Expedia. Com៕