ធនាគារកណ្ដាលកូរ៉េព្រមានពីការកើនឡើងហានិភ័យក្នុងការផ្តល់ហិរញ្ញប្បទានរយៈពេលខ្លីដល់គម្រោងសំណង់

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ធនាគារកណ្តាលកូរ៉េខាងត្បូង(BOK) បានព្រមានថា ហានិភ័យលើការផ្តល់ហិរញ្ញប្បទានរយៈពេលខ្លីដល់គម្រោងសំណង់បានកើនឡើង ដោយសារតែទីផ្សារអចលនទ្រព្យដាំក្បាលចុះ និងការកើនឡើងនៃតម្លៃសម្ភារៈសំណង់។

ធនាគារ BOK បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ប្រាក់កម្ចីរយៈពេលខ្លីសរុបដែលផ្តល់ទៅឱ្យគម្រោងសំណង់ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ចំនួន១៣៤,២ទ្រីលានវ៉ុន (ប្រហែល៩៦,៥ពាន់លានដុល្លារ)គិតត្រឹមចុងខែមីនា។

ទំហំប្រាក់កម្ចីដែលហួសកំណត់ទូទាត់សងមានអត្រា៣,៥៥ភាគរយគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ កើនឡើង០,៨៥ភាគរយបើធៀបនឹងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣។នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េ។

ធនាគារ BOK បានអះអាងថា “ក្រុមហ៊ុនមូលបត្រអាចប្រឈមមុខនឹងហានិភ័យសាច់ប្រាក់ងាយស្រួលកាន់តែខ្លាំងឡើង ប្រសិនបើមានការប៉ះទង្គិចខាងក្រៅណាមួយ ដែលយើងនឹកស្មានមិនដល់ដែលអាចវាយប្រហារលើទីផ្សារហិរញ្ញវត្ថុក្នុងរយៈពេលខ្លី”។

ការបញ្ចេញប្រាក់កម្ចីទៅឱ្យគម្រោងសំណង់ បានក្លាយជាកត្តាហានិភ័យដ៏ធំនៅក្នុងវិស័យហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង ស្របពេលបញ្ហាទីផ្សារអចលនទ្រព្យនៅតែបន្តអូសបន្លាយ និងការកើនឡើងនៃតម្លៃសម្ភារៈសំណង់។

តួយ៉ាង ក្រុមហ៊ុន Taeyoung Engineering & Construction ដែលជាក្រុមហ៊ុនសំណង់ធំជាងគេទី១៦ របស់កូរ៉េខាងត្បូង បានបង្ខំចិត្តដាក់ពាក្យស្នើសុំកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលកាលពីខែធ្នូ ឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុននេះបានជួបប្រទះបញ្ហាសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរ៕ប្រភព: Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here