រដ្ឋាភិបាលថៃគ្រោងជួលដីធ្លីឱ្យជនបរទេសដល់រយៈពេលអតិបរមា៩៩ឆ្នាំ និងបង្កើនកូតាកម្មសិទ្ធិខុនដូ

ចែករំលែក

ដោយ: គង់ លាងហួរ

បាងកក: លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងការពារសំណើលើការដំឡើង កូតាកម្មសិទ្ធិជនបរទេសសម្រាប់គម្រោងខុនដូពី៤៩% ឡើងទៅដល់៧៥% និងបង្កើន    រយៈពេលជួលដីធ្លី ទៅឱ្យជនបរទេសដល់ចំនួន៩៩ឆ្នាំ ដែល វិធានការទាំងនេះ នឹងអាចជួយជំរុញសេដ្ឋកិច្ចថៃ។

ប៉ុន្តែយ៉ាងណាមិញ ការដំឡើងកូតាកម្មសិទ្ធិបរទេស នឹងមិនត្រូវអនុវត្តន៍ តាមរយៈសិទ្ធិបោះឆ្នោតនោះទេ ដើម្បីធានាថា ម្ចាស់អភិវឌ្ឍន៍គម្រោងខុនដូ ដែលជាជនជាតិថៃ នៅតែបន្តមានសិទ្ធិគ្រប់គ្រងលើអចលនទ្រព្យរបស់ខ្លួន។

សិទ្ធិបោះឆ្នោត ដែលកាន់កាប់ដោយអ្នកទិញខុនដូ ដែលជាជនបរទេស នឹងត្រូវបានរក្សាឱ្យនៅថេរដដែល ចន្លោះពី៤៩% ទៅ៥១%។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីថៃ សេដ្ឋា ថាវីស៊ីន។

បច្ចុប្បន្ននេះ ចំនួនជនបរទេស ដែលត្រូវបានអនុញ្ញាតឱ្យទិញខុនដូនៅក្នុងគម្រោងណាមួយ នៅប្រទេសថៃ មានកូតាជាមូលដ្ឋានត្រឹមតែ៤៩%ប៉ុណ្ណោះ។ ដូច្នេះ ជនបរទេសនឹងអាចកាន់កាប់ និងរស់នៅក្នុងខុនដូរបស់ពួកគេបាន។ ប៉ុន្តែពួកគេនឹងពុំមានសិទ្ធិ លើការសម្រេចចិត្តណាមួយ ដែលតម្រូវឱ្យមានការបោះឆ្នោតយល់ព្រម ក្នុងចំណោមម្ចាស់គម្រោងនោះទេ។

ទន្ទឹមនឹងនេះ នៅពេលដែលត្រូវបានសាកសួរ អំពីការពន្យារលក្ខខណ្ឌ នៃការជួលដីធ្លីដល់រយៈពេលអតិបរមា ចំនួន៩៩ឆ្នាំសម្រាប់ជនបរទេស លោកនាយករដ្ឋមន្ត្រី បានបកស្រា​យថា ប្រទេសផ្សេងទៀតអនុញ្ញាត ឱ្យជនបរទេសជួលដីដល់១៥០ឆ្នាំឯណោះ។

បច្ចុប្បន្ននេះ ជនបរទេសអាចជួលដី សម្រាប់គោលបំណងលំនៅដ្ឋាន ក្នុងរយៈពេលអតិបរមា៣០ឆ្នាំ ដោយពួកគេអាចបន្តជួលរយៈពេល៣០ឆ្នាំទៀត ប្រសិនបើម្ចាស់ដី និងអ្នកជួលឯកភាពគ្នា។ ម្យ៉ាងទៀត ជនបរទេសក៏អាចជួលដីពាណិជ្ជកម្ម និងដីឧស្សាហកម្មក្នុងរយៈពេល៥០ឆ្នាំផងដែរ។

វិស័យអចលនទ្រព្យ នៅប្រទេសថៃកំពុងធ្លាក់ចុះ ខណៈពេលដែលតួលេខនាពេលថ្មីៗនេះបង្ហាញថា នៅត្រីមាសទី១ ចំនួននៃការផ្តល់លិខិតអនុញ្ញាត ឱ្យប្រើប្រាស់ដីធ្លីបានធ្លាក់ចុះ១៩,៧% ហើយចំនួនប្រតិបត្តិការ នៃការផ្ទេរលំនៅដ្ឋានទៅកាន់អតិថិជនក៏ធ្លាក់ចុះផងដែរ៕ប្រភព: Bangkok Post៕


ចែករំលែក