ប្រទេសចំនួន៣ក្នុងតំបន់អាស៊ាននឹងស្រូបទាញបានគម្រោងអចលនទ្រព្យសរុបតម្លៃ៦៨០លានដុល្លារ

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនខ្នាតយក្ស Frasers Property គ្រោងបោះទុនចំនួន២៥ពាន់លានបាត(ប្រមាណ៦៨០,៤៦លានដុល្លារ) ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដើម្បីពង្រីកគម្រោងអចលនទ្រព្យនៅប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ី ខណៈបណ្តាប្រទេសសមាជិកអាស៊ានទាំង៣នេះ កំពុងក្លាយជាមេដែកស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។

លោក Peerapat Srisukont នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនFrasers Property ប្រចាំប្រទេសថៃ បានអះអាងថា លំហូរ FDI ចូលតំបន់អាស៊ាននៅតែបន្តកើនឡើងពីតិចជាង១០% នៃលំហូរ FDI សរុបទូទាំងពិភពលោកក្នុងឆ្នាំ២០២១ ឡើងដល់១៥,៣% ក្នុងឆ្នាំ២០២២ដល់ឆ្នាំ២០២៣។

ជាក់ស្តែង ក្រុមហ៊ុន FPT គ្រោងនឹងបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២ពាន់លានបាតក្នុងមួយឆ្នាំ ដើម្បីសាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញថ្មីនៅក្នុងប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

ចំពោះនៅប្រទេសវៀតណាម ក្រុមហ៊ុនមានដីធ្លីស្រាប់សរុបប្រមាណ៥០រ៉ៃទៅ៦០រ៉ៃ(៨ហិកតាទៅ៩,៦ហិកតា) ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់អចលនទ្រព្យឧស្សាហកម្ម ដែលមានទំហំ២០០.០០០ម៉ែត្រការ៉េក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន Frasers Property គ្រោងនឹងអភិវឌ្ឍន៍តំបន់ទំហំ១០០.០០០ម៉ែត្រការ៉េ នៅក្នុងទីតាំងចំនួន៣កន្លែងនៅជិតទីក្រុងហ្សាកាតា។

ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងបោះទុនចន្លោះពី២,៥ពាន់លានបាតទៅ៣ពាន់លានបាតក្នុងមួយឆ្នាំ ដើម្បីសាងសង់រោងចក្រ និងឃ្លាំងស្តុកទំនិញថ្មីនៅប្រទេសថៃ ដែលមានទំហំ១,៥លានម៉ែត្រការ៉េក្នុងរយៈពេល៥ឆ្នាំខាងមុខ។

លើសពីនេះ ក្រុមហ៊ុនក៏មានមហិច្ឆិតាក្នុងការទាញប្រាក់ចំណូលពីការជួលអចលនទ្រព្យទាំងនេះឱ្យបានដល់ទំហំទឹកប្រាក់៧,៥ពាន់លានបាតក្នុងមួយឆ្នាំនៅឆ្នាំ២០២៩ ជាមួយនឹងអត្រានៃការជួល(Occupancy Rate)ចាប់ពី៨៥%ទៅ៩០% បើធៀបនឹងអត្រានៃការជួលនាពេលបច្ចុប្បន្នក្នុងរង្វង់៨៦% ដែលកើនឡើងពី៨១% ក្នុងឆ្នាំ២០១៩។

ប្រភព:Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here