ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីតាំងផ្សារត្រី Tsukiji ដ៏ល្បីល្បាញនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានគេទុកឱ្យនៅទំនេរចោលទទេរ បន្ទាប់ពីផ្សារនេះត្រូវបានរុះរើចោលកាលពី៦ឆ្នាំមុន។
ទីតាំងនេះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាពហុកីឡដ្ឋានប្របមាត់ទឹកដ៏ស្រស់ស្អាត និងអគារខ្ពស់ៗកប់ពពក ដែលជះពន្លឺចែងចាំងទៅលើផ្ទៃទឹក។ ប៉ុន្តែ គម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះ កំពុងប្រឈមនឹងការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនដែលរស់នៅតំបន់នោះ។
-->
គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ជប៉ុន ឈ្មោះ “Mitsui Fudosan”។ គម្រោងនេះគ្រោងនឹងចំណាយទុនវិនិយោគអស់៩០០ពាន់លានយ៉េន(ប្រហែល៥,៧ពាន់លានដុល្លារអាមេរិក)។
បើយោងតាមគម្រោងនេះ អគារខ្ពស់កប់ពពកមួយនឹងត្រូវបានសាងសង់ឡើងទៅលើមេឃ និងលាតសន្ធឹងលើទីតាំង ដែលពីមុនធ្លាប់ជាទីផ្សារដ៏ល្បីល្បាញ ដោយសារការដាក់ដេញថ្លៃត្រីធូណា និងការលក់អាហារស៊ូស៊ីស្រស់ៗនៅក្នុងហាងនានានៅតំបន់ក្បែរនោះ។
ក្រុមហ៊ុនអចលនទ្រព្យ Mitsui Fudosan បានអះអាងថា គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងអាចប្រកួតប្រជែងជាមួយទីតាំងកំសាន្តប្របតាមមាត់ទឹកដ៏ល្បីល្បាញ ដូចជានៅទីក្រុងស៊ីដនី និងនៅទីក្រុងសិង្ហបុរីជាដើម។
ផែនការសាងសង់នៅក្នុងគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះ រួមមានដូចជា អគារការិយាល័យ ឆាករៀបចំព្រឹត្តិការណ៍ធំៗ សួនបៃតង តំបន់លំនៅដ្ឋានសណ្ឋាគារ និងមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យា ព្រមទាំងមានផ្សារទំនើបជាច្រើន និងហាងអាហារល្បីៗ។
ក្រុមហ៊ុនបានគូសបញ្ជាក់បន្ថែមថា “រមណីយដ្ឋានខាងលើនឹងជួយទាក់ទាញមនុស្សជាច្រើននៅក្នុងប្រទេសជប៉ុន និងភ្ញៀវទេសចរណ៍បរទេស”។ យ៉ាងណាមិញ ប្រជាជនដែលរស់នៅទីក្រុងតូក្យូ បានជំទាស់នឹងគម្រោងនេះ ដោយពួកគេស្នើឱ្យបង្កើតសួនច្បារជំនួសវិញ៕
ប្រភព:AP News៕