ការពង្រីកកំណាត់ផ្លូវជាតិលេខ៧ពីតំបន់ស្គន់ ដល់ក្រុងកំពង់ចាមចំណាយថវិកាជាង១០០លានដុល្លារ

ចែករំលែក

ដោយៈ គង់ សូរិយា

កំពង់ចាមៈ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល​ស្គន់​ទៅទីរួមខេត្តកំពង់ចាម​ សម្រេចបានការសាងសង់បានប្រមាណ២០ភាគរយ ជាមួយនឹងផែនការចំណាយប្រមាណ១០០លានដុល្លារ។

​ការ​ដោះ​ស្រាយ​ផលប៉ះពាល់ពីគំរោងនេះ សម្រេចបាន៨៥ភាគរយហើយ​។ នេះបើយោងតាម​ប្រសាសន៍​របស់សម្ដេច​ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងនៅក្នុងពិធី​ទិវាមច្ឆ​ជាតិ១ កក្កដា នៅស្រុកព្រៃឈរ ខេត្តកំពង់​ចាម។

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ៤គន្លង បានបើកការដ្ឋា​ន​សាង​សង់កាល​ពី​ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង១០០លានដុល្លារ​របស់​រដ្ឋាភិបាលចិន។

 គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ នេះ សាងសង់ដោយក្រុមហ៊ុន​សាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ដោយប្រើរយៈពេលសាងសង់៤០ខែ ហើយគ្រោង​នឹង​បញ្ចប់​នៅឆ្នាំ២០២៦ ចំណាយថវិកាសរុប១១៧លានដុល្លារ​ ដែលជាឥណ​ទាន​សម្បទាន ​ពីរដ្ឋាភិបាលនៃ​សាធារណរដ្ឋប្រ​ជា​មានិត​ចិន និង​ថវិកា​បដិភាគរបស់រាជរដ្ឋាភិ​បាលកម្ពុជា ដើ​ម្បីដោះស្រាយ​ផលប៉ះ​ពាល់ ការបោស​សម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕


ចែករំលែក