ទីក្រុងធំបំផុតទី៣នៅប្រទេសវៀតណាម គ្រោងសាងសង់តំបន់ពាណិជ្ជកម្មសេរីថ្មី

0

ដោយ: គង់ លាងហួរ

ហាណូយ: ក្រុមសមាជិកសភាវៀតណាម បានអនុម័តសេចក្តីសម្រេចចិត្ត លើការសាកល្បងយន្តការពិសេស សម្រាប់ការអភិវឌ្ឍន៍ទីក្រុង Da Nang រួមទាំងការបង្កើតតំបន់ពាណិជ្ជកម្មសេរីផងដែរ។នេះបើយោងតាមសារពត៌មាន Vnexpress

វៀតណាមបានអនុម័ត បង្កើតតំបន់ពាណិជ្ជកម្មសេរី ដើម្បីតភ្ជាប់ទៅនឹងកំពង់ផែ Lien Chieu។ ទីក្រុងដាណាងដែលជាទីក្រុងធំបំផុតទី៣របស់វៀតណាម គ្រោងនឹងសាកល្បងយន្តការ និងគោលនយោបាយ ក្នុងគោលដៅទាក់ទាញការវិនិយោគលើសេវាកម្មហិរញ្ញវត្ថុ វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់។

គម្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang នឹងរួមមានដូចជា ការសាងសង់តំបន់ផលិតកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន តំបន់សេវាកម្មពាណិជ្ជកម្ម និងតំបន់ដែលបម្រើឱ្យមុខងារផ្សេងៗទៀត។

តំបន់មុខងារ(functional area)នឹងត្រូវបានខណ្ឌចែកពីគ្នាដោយរបង ដើម្បីធានាបាននូវការត្រួតពិនិត្យ និងការគ្រប់គ្រងពន្ធគយប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ កំពង់ផែ Lien Chieu ក្នុងទីក្រុង Da Nang កំពុងត្រូវបានសាងសង់ឡើង ដោយគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៥ខាងមុខ ដើម្បីបន្ធូរបន្ថយសម្ពាធ និងការកកស្ទះនៅកំពង់ផែ Tien Sa

កំពង់ផែថ្មីនេះ នឹងលាតសន្ធឹងលើផ្ទៃដី ទំហំ៤៥០ហិកតា និងមានចំណតកុងតឺន័រចំនួន៨ទីតាំង ដែលមានសមត្ថភាពទទួលកប៉ាល់ចំណុះ ចន្លោះពី២.០០០TEUs  ទៅដល់១៣.៣៣៣TEUs និងផែចំនួន៦ ដែលមានជំនាញឯកទេសក្នុងការគ្រប់គ្រងទំនិញរាវ និងឧស្ម័ន។

កំពង់ផែនេះត្រូវបានរំពឹងថា នឹងមានសមត្ថភាពផ្ទុកកប៉ាល់ដឹកជញ្ជូនទំនិញចំនួន៥០លានតោន ក្នុងមួយឆ្នាំនៅឆ្នាំ២០៥០ខាងមុខ។ ការសាងសង់គ្រោង នឹងចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង៣,៤ទ្រីលានដុង (ប្រហែល១៣៣,៤លានដុល្លារអាមេរិក)

ទីក្រុងដាណាង មានគុណសម្បត្តិផ្នែកភូមិសាស្ត្រ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ភាពអំណោយផលដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរី ដោយសារទីក្រុងនេះ មានទាំងកំពង់ផែសមុទ្រ និងអាកាសយានដ្ឋានអន្តរជាតិ៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here