រដ្ឋាភិបាលឥណ្ឌូនេស៊ី​ប្រកាសដំឡើង​ពន្ធគយលើការនាំ​ចូល​ទំនិញ​មកពីប្រទេសចិនដល់​២០០ភាគរយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ANTARA បានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងដំឡើងពន្ធដល់អត្រា២០០ភាគរយ លើការនាំចូលទំនិញមកពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលរាលដាលចេញពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ លោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្មឥណ្ឌូនេស៊ី  បានគូសបញ្ជាក់ឱ្យដឹងថា គោលនយោបាយនេះនឹងចូលជាធរមាន នៅពេលណាដែលបទប្បញ្ញត្តិ ពាក់ព័ន្ធនានាត្រូវបានដាក់ចេញ។

លោករដ្ឋមន្ដ្រីបានពន្យល់ថា សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក កំពុងបង្កឱ្យមានការផ្គត់ផ្គង់ លើសតម្រូវការនៅក្នុងប្រទេសចិន ខណៈបណ្តាប្រទេសលោកខាងលិច បានបដិសេធមិនឱ្យចិន បន្តនាំចូលផលិតផលទាំងនោះចូលទៅកាន់ប្រទេសរបស់ពួកគេ។ លោកបន្តថាហេតុនេះ ចិនត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅ នៃការនាំចេញរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀត ដូចជា ប្រទេសឥណ្ឌូនេស៊ីជាដើម

លោក Hasan បានមានប្រសាសន៍កត់សម្គាល់ថាឥណ្ឌូនេស៊ី នឹងដាក់របាំងពន្ធគយលើផលិតផល ដែលផលិតនៅក្នុងប្រទេសចិន ក្នុងអត្រាចាប់ពី១០០ភាគរយ ទៅដល់២០០ភាគរយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីរូបនេះ បានអះអាងទៀតថាសហរដ្ឋអាមេរិក អាចដំឡើងពន្ធដល់អត្រា២០០ភាគរយលើផលិតផលសេរ៉ាមិច ឬសម្លៀកបំពាក់ដែលនាំចូលពីប្រទេសចិនបាន។ អញ្ចឹង! យើងក៏អាចធ្វើដូច្នេះបានដែរ ដើម្បីធានាថា សហគ្រាសធុនមីក្រូ ធុនតូច និងធុនមធ្យមរបស់យើងនឹង​​បន្តរីកចម្រើន

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងធ្វើសេចក្តីព្រាងលើបទប្បញ្ញត្តិថ្មី ដើម្បីដោះស្រាយកង្វល់នានា ដែលត្រូវបានលើកឡើងដោយភាគីពាក់ព័ន្ធ ក្នុងគោលដៅការពារឧស្សាហកម្មក្នុងស្រុក ពីផលប៉ះពាល់នៃការហូរចូលទំនិញ ដែលផលិតពីប្រទេសចិន៕ប្រភព:Bernama

LEAVE A REPLY

Please enter your comment!
Please enter your name here