ព្រលានយន្តហោះតារាសាគរអាចបើកដំណើរការនៅចុងត្រីមាសទី៣ឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរអាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ឪ

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុក កម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជើងបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។

-->

លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋាន អន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត2B ហើយក្នុងករណីក្រុមហ៊ុន មានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រដល់ពហុបំណងវិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុង ទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។

អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4Eបាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350

លោកស៊ីន ចាន់សិរីវុត្ថាបានបន្ថែមថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរ តាមផ្លូវអាកាសមានចំនួន២.៥៨លាននាក់ ហើយប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរ តាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច៕