ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនខ្នាតយក្ស Trump Organization របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកា សផែនការសាងសង់ អគារប្រណីតខ្ពស់កប់ពពកមួយ ដែលមានឈ្មោះថា “Trump Tower” នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
អគារថ្មីនេះនឹងត្រូវបានសាងសង់ឡើង នៅក្នុងទីក្រុង Jeddah និងត្រូវបានចាប់ដៃគូអភិវឌ្ឍន៍រួមគ្នា ជាមួយក្រុមហ៊ុន Dar Global ដែលជាបុត្រសម្ព័ន្ធអន្តរជាតិ របស់ក្រុមហ៊ុនអចល នទ្រព្យខ្នាតយក្ស Dar Al Arkan របស់អារ៉ាប៊ីសាអូឌីត។
-->
លោក Eric Trump អនុប្រធានប្រតិបត្តិក្រុមហ៊ុន Trump Organization និងជាកូនប្រុសរបស់អតីត ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា “យើងមានសេចក្តីរំភើបរីករាយ ក្នុងការពង្រីកការបោះជំហានរបស់យើង នៅតំបន់មជ្ឈិមបូព៌ា និងនាំយកស្តង់ដារអគារប្រណីត ទៅកាន់តំបន់នេះ តាមរយៈទំនាក់ទំនង ដ៏ចំណាស់យូរលង់របស់យើងជាមួយក្រុមហ៊ុន Dar Global” ។

ជុំវិញដំណឹងនេះ ភាគីខាងក្រុមហ៊ុនDar Global បានលើកឡើងថា គម្រោងនេះនឹងកំណត់គោលដៅលើ “ទីផ្សារនៅប្រទេ សអារ៉ាប៊ីសាអូឌីត និងបណ្តាអ្នកវិនិយោគអន្តរជាតិ”។
គម្រោងសាងសង់អគារTrump Tower នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានប្រកាសឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដៃគូទាំង២ខាងលើ បានដាក់បង្ហាញគម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Trump International ដែលមានតម្លៃទុនវិនិយោគ ចំនួន៥០០លានដុល្លារក្នុងប្រទេសអូម៉ង់។
សណ្ឋាគារលំដាប់ផ្កាយ៥មួយនេះគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅខែធ្នូឆ្នាំ២០២៨ខាងមុខ។អគារនេះនឹងរួមមានក្លឹបរាត្រីទីលានវាយកូនហ្គោលនិងក្លឹបសម្រាប់តែសមាជិកប៉ុណ្ណោះ។
ជាមួយគ្នានោះ ក្រុមហ៊ុន Dar Al Arkan បានឯកភាពប្រើឈ្មោះ និងនិមិត្តសញ្ញា “Trump”តាមរយៈការស្នើសុំអាជ្ញាប័ណ្ណ ប៉ុន្តែសណ្ឋាគារនេះ ពុំមែនជាកម្មសិទ្ធិ នៃក្រុមហ៊ុនរបស់លោក Donald Trump នោះទេ៕ប្រភព:CNN៕