រដ្ឋមន្រ្តីផែនការៈស្ថិតិគណនេយ្យជាតិជាការងារសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា

ចែករំលែក

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច មានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា ។

លោកបានមានប្រសាសន៍ ក្នុងសិក្ខាសាលាដែលបានប្រារពធ្វើកាលពីថ្ងៃទី២ កក្កដាថា បច្ចុប្បន្ននេះ ការគណនាផលិត​ផលក្នុងស្រុកសរុប(ផ.ស.ស) គឺផ្អែកលើឆ្នាំគោល ឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាម អនុសាសន៍ នៃសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្តង ឬយ៉ាងយូរបំផុត១០ឆ្នាំម្តង។

លោកបញ្ជាក់ថា “ការផ្លាស់ប្តូរនេះ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និង រចនាសម្ព័ន្ធ សេដ្ឋកិច្ចមានសង្គតិភាព”។

លោកប៊ិន ត្រឈៃបានបន្តថា តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការ ផ្លាស់ប្តូរឆ្នាំគោលម្តងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ (ទិន្នន័យ ជំរឿន អង្កេត ទិន្នន័យរដ្ឋបាល)។

ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺ ត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿ​នកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា៖ ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង– ស្ថាប័នផ្សេងទៀត របស់រាជរដ្ឋាភិបាលគ្រប់គ្រាន់ ៕


ចែករំលែក