តើអាផាតម៉ិននៅក្នុងអគារអគារស្តើងជាងគេនៅលើពិភពលោក មានតម្លៃប៉ុន្មានក្នុងមួយយូនីត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខ្ពស់កប់ពពក ដែលមានរូបរាងស្តើងជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower 111 West 57th Street បានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០២១ និងបើកដំណើរការលក់យូនីតលំនៅដ្ឋាន ដែលមានតម្លៃខ្ពស់កប់ពពក។

អគារនេះមានកម្ពស់៤៣៥ម៉ែត្រ តែមានទទឹងមុខអគារត្រឹម១៨ម៉ែត្រប៉ុណ្ណោះ ដែលមានន័យថា កម្ពស់អគារមានប្រវែងវែង ជាងទទឹងអគារដល់ទៅ២៤ដង ហើយមានសរុប៨៤ជាន់ និងមានផ្ទៃក្រឡាជាង៥៣០.០០០ម៉ែត្រការ៉េ។

អគារនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន JDS Development Group និងក្រុមហ៊ុន Property Markets Group ជាមួយនឹងទុនវិនិយោគ២ពាន់លានដុល្លារអាមេរិក។ អគារនេះគឺជាប្រភេទអគារលំនៅដ្ឋាន ដោយមាន៦០យូនីត ដែលតម្លៃចាប់ពី១២,៥លានដុល្លារ ទៅ៥៦លានដុល្លារ ក្នុងមួយយូនីត។

អគារនេះប្រើប្រាស់បេតុងរឹងមាំបំផុត ក្នុងពិភពលោក ហើយត្រូវបានពង្រឹង ដោយដែកសរុបប្រវែង១,៦លានម៉ែត្រ។ ក្រុមវិស្វករ ក៏បានសាងសង់ដុំប៉ោលមេកានិកដ៏ធំមួយ ដែលមានឧបករណ៍បំផ្ទុះម៉ាស់ (Tuned mass damper) ទម្ងន់៨០០តោន ដើម្បីកាត់បន្ថយចលនា និងរំញ័រនៅខាងក្នុងអគារ។

ក្រុមស្ថាបត្យករ ដែលបានចូលរួមរចនាអគារនេះ បានលើកឡើងថា គោលដៅចម្បងរបស់ពួកគេ គឺបង្កើតអគារប្រវត្តិសាស្ដ្រមួយ នៅក្នុងទីក្រុងញូវយ៉ក។ អ្នករស់នៅក្នុងអគារលំនៅដ្ឋាននេះ ត្រូវធ្វើដំណើរឡើងតាមជណ្តើរយន្ត ដោយផ្ទាល់ និងអាចគយគន់មើលទិដ្ឋភាពសួន Central Park និងទេសភាពទីក្រុងញ៉ូវយ៉ក។

អាផាតម៉ិន ដែលមានគ្រែចំនួន៣ និងមានផ្ទៃក្រឡាទំហំ៤.៤៩២ហ្វីតការ៉េ នៅក្នុងអគារ111 West 57th Street នេះមានតម្លៃខ្ពស់កប់ពពក ចាប់ពី១២,៥លានដុល្លារ ទៅដល់២៦,៩៥លានដុល្លារក្នុងមួយយូនីត។

អាផាតម៉ិន ដែលមានគ្រែចំនួន៤ និងមានផ្ទៃក្រឡាទំហំ៦.៥១២ហ្វីតការ៉េនៅក្នុងអគារ111 West 57th Street នេះមានតម្លៃប្រមាណ៤៩លានដុល្លារ ខណៈអាផាតម៉ិន ដែលមានគ្រែចំនួន៤ និងមានផ្ទៃក្រឡាទំហំ៧.១៣០ហ្វីតការ៉េ មានតម្លៃប្រមាណ៥៦លានដុល្លារ៕ប្រភព:Streeteasy

LEAVE A REPLY

Please enter your comment!
Please enter your name here