ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីបីរូប ដែលជាសមាជិកក្រុមក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាព សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ និងលោកឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ។
កិច្ចប្រជុំនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជា សមាជិក ក.គ.ផ.ស.។
ក្រុមការងារគ្រប់គ្រងការផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះ មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រ លើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេស លើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។
កំណត់វិធានការបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ឋផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព៕