លោកដូ ណាល់ត្រាំ មានប្រៀបឈ្នះជាងលោកចូ បៃដិនលើការស្ទង់មតិដោយស្ថាប័នធំៗនៅអាមេរិក

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: អតីតប្រធានាធិបតីអាមេរិកលោកដូ ណាល់ត្រាំ (Donald Trump) បាននាំមុខលើប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្នគឺលោកចូ បៃដិន (Joe Biden) នៅក្នុងការស្ទង់មតិសំខាន់ៗ បន្ទាប់ពីមានការជជែកដេញដោលគ្នា លើវេទិកាទូរទ ស្សន៍CNN កាលពីសប្តាហ៍មុន។

តួយ៉ាង លោក Trump បាននាំមុខលោក Biden ចំនួន៦ពិន្ទុនៅក្នុងការស្ទង់មតិ ដោយកាសែត New York Times និងមហាវិទ្យាល័យSiena College។ ការស្ទង់មតិនេះ បានធ្វើឡើងលើអ្នកបោះឆ្នោតចំនួន១.៥៣២នាក់ នៅទូទាំងប្រទេស ដែលបានរៀបចំឡើងចាប់ពីថ្ងៃសុក្រទី២៨ ខែមិថុនា រហូតដល់ថ្ងៃអង្គារទី២ ខែកក្កដា។

ការស្ទង់មតិនោះបង្ហាញថា “ចំនួន៥៩%នៃអ្នកឆ្លើយសំណួ រមកពីខាងគណបក្សប្រជាធិបតេយ្យ បានយល់ឃើញថា លោ​ក Biden មានវ័យចាស់ពេក ក្នុងការកាន់តំណែងជាប្រធា​នាធិបតីអាមេរិកចំនួន៤ឆ្នាំទៀត ខណៈចំនួន៧៤%នៃអ្នកបោះឆ្នោតសរុប និងចំនួន៧៩% នៃអ្នកបោះឆ្នោតមកពីគណបក្សសាធា​រណរដ្ឋ និងអ្នកបោះឆ្នោតឯករាជ្យ បានលើកឡើងស្រដៀងគ្នាថា លោក Biden មានវ័យចាស់ពេក។

ចំណែកនៃអ្នកបោះឆ្នោត មកពីគណបក្សសាធារណរដ្ឋ ដែលចង់ឱ្យលោកBiden បន្តឈរឈ្មោះ ក្នុងការប្រណាំងប្រជែ​ងដណ្តើមតំណែងប្រធានាធិបតី បានកើនឡើងចំនួន៣ពិន្ទុ បន្ទាប់ពីការជជែកដេញដោល ខណៈចំណែកនៃអ្នកបោះឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ ដែលចង់ឱ្យលោក Biden បន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី បានធ្លាក់ចុះចំនួន៤ពិន្ទុ។

យោងតាមការស្ទង់មតិមួយទៀតរបស់កាសែត Wall Street Journal លើអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន១.៥០០នាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដល់ថ្ងៃអង្គារសប្តាហ៍នេះ ក៏បានរកឃើញផងដែរថា លោក Biden ចាញ់ប្រៀបលោក Trump ចំនួន៦ពិន្ទុដែលនេះ ជាការនាំមុខដ៏ធំបំផុតមិនធ្លាប់មានរបស់លោក Trump លើលោក Biden។

ទន្ទឹមនឹងនេះ អត្រានៃការបង្ហាញការពេញចិត្តរបស់អ្នកបោះឆ្នោតចំពោះលោកBiden បានធ្លាក់ចុះដល់កម្រិតទាបបំផុតចំនួន៣៤% ហើយចំណែកនៃអ្នកបោះឆ្នោត ដែលលើកឡើងថា លោកមានវ័យចាស់ពេក ក្នុងការឈរឈ្មោះជាប្រធា​នា​ធិបតី បានកើនឡើង៧ពិន្ទុចាប់ពីខែកុម្ភៈ ខណៈចំនួន៧៦% នៃអ្នកប្រជាធិបតេយ្យយល់ថា លោកមានវ័យចាស់ពេកក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់១អាណត្ដិទៀត។ នេះបើយោងតាមការស្ទង់មតិរបស់កាសែតWall Street Journal។

ស្រដៀងគ្នានេះដែរ យោងតាមកម្មវិធីតាមដានការស្ទង់មតិរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ RealClearPolitics បង្ហាញថា ក្នុងអំឡុងវេទិកាជជែកដេញដោល នៅស្ថានីយ៍ទូរទស្ស​ន៍CNN លោក Trump បាននាំមុខលើលោក Biden ចំនួន១,៥ពិន្ទុនៅទូទាំងប្រទេស។ ប៉ុន្តែនៅពេលនេះ ការនាំមុខរបស់លោក Trump បានកើនដល់២,៥ពិន្ទុលើគូប្រជែងរបស់ខ្លួន។

កម្មវិធីជជែកដេញដោលនេះ ត្រូវបានគេមើលថា គឺជាវេទិកាដ៏សំខាន់បំផុតមួយ ដែលអាចព្យាករណ៍លទ្ធផលចាញ់–ឈ្នះ សម្រាប់បេក្ខជនប្រធានាធិបតីទាំង២រូប ក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកាខាងមុខ។ យោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac បានរកឃើញថា អ្នកបោះឆ្នោតចំនួន១៦% អាចផ្លាស់ប្តូរចិត្តគាំទ្រ ដោយអាស្រ័យលើសមត្ថភាពរបស់បេក្ខជនទាំង២៕ប្រភព: Forbes៕


ចែករំលែក