រដ្ឋាភិបាលម៉ាឡេស៊ីតម្រូវឱ្យជនបរទេសទិញកាន់កាប់អចលនទ្រព្យយ៉ាងតិច១០ឆ្នាំ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជនជាតិបរទេសជាច្រើន បានបាត់បង់ចំណាប់អារម្មណ៍ លើគម្រោងទិដ្ឋាការស្នាក់នៅម៉ាឡេស៊ី ផ្ទះទី២របស់ខ្ញុំខណៈរដ្ឋាភិបាល បានកែប្រែលក្ខខណ្ឌថ្មី ដោយតម្រូវឱ្យជនបរទេសទិញ និងកាន់កាប់អចលនទ្រព្យយ៉ាងតិច១០ឆ្នាំ។

កម្មវិធីម៉ាឡេស៊ី ផ្ទះទី២របស់ខ្ញុំបានចាប់ផ្តើមដាក់ឱ្យដំណើរការ ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ដើម្បីទាក់ទាញជនបរទេស ដែលចូលនិវត្តន៍មកកាន់ប្រទេសម៉ាឡេស៊ី ដោយផ្តល់ជូននូវទិដ្ឋាការរយៈពេលវែង និងផ្តល់សិទិ្ធទិញអចលនទ្រព្យ និងការរស់នៅ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post

លក្ខខណ្ឌកម្មវិធីនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចំនួន២ដងរួចមកហើយ  ដោយក្នុងនោះ នៅខែមិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាល បានប្រកាសដាក់ចេញលក្ខណៈវិនិច្ឆ័យថ្មីមួយ ដោយតម្រូវឱ្យជនបរទេស ដែលចូលរួមក្នុងកម្មវិធី MM2H ត្រូវតែទិញអចលនទ្រព្យ ដែលមានតម្លៃចន្លោះពី១២៧.០០០ដុល្លារទៅ៤២៤.០០០ដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី និងត្រូវកាន់កាប់អចលនទ្រព្យនោះឱ្យបានយ៉ាងតិច១០ឆ្នាំ។

គិតចាប់តាំងពីលក្ខខណ្ឌ កម្មវិធីត្រូវបានកែប្រែរួចមក បណ្តាទីភ្នាក់ងារនានា ដែលទទួលបន្ទុកចុះឈ្មោះអ្នកចូលរួមកម្មវិធី MM2H បានរាយការណ៍ថាចំនួន៩០% នៃបេក្ខជនដែលមានបំណងដាក់ពាក្យនាពេលអនាគត បានបាត់បង់ចំណាប់អារម្មណ៍លើកម្មវិធីនេះទៅហើយ

លោក Farisa Athirah នាយកប្រតិបត្តិជាន់ខ្ពស់នៅទីភ្នាក់ងារ My Expat MM2H បានលើកឡើងថាដំបូងឡើយ បេក្ខជន ដែលបង្ហាញចាប់អារម្មណ៍លើកម្មវិធីនេះ មានចំនួនជាង៥០០នាក់។ ប៉ុន្តែចំនួននេះ បានថយចុះមកនៅក្រោម៥០នាក់ បន្ទាប់ពីបទប្បញ្ញត្តិថ្មីត្រូវបានប្រកាសឡើង

លោកបានថ្លែងប្រាប់កាសែតសិង្ហបុរី The Straits Times ថារដ្ឋាភិបាលម៉ាឡេស៊ី បានកែប្រែលក្ខខណ្ឌកម្មវិធី MM2H ចំនួន២ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយការផ្លាស់ប្តូរទាំងនេះ បានធ្វើឱ្យជនបរទេស បង្ហាញការមិនពេញចិត្ត និងការមិនចង់បាន៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here