ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងសៀងហៃបង្ហាញសញ្ញាវិជ្ជមានខ្លាំងជាងគេនៅប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លំនៅដ្ឋានលំដាប់អភិជន ឬហៅថា Penthouse ចំនួន១យូនីត នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលមានតម្លៃ១៥លានដុល្លារអាមេរិក ត្រូវបានលក់ដាច់យ៉ាងលឿន បន្ទាប់ពីប្រកាសដាក់លក់ភ្លាមៗ។ 

ផ្ទះជាង២០០យូនីត ដែលមានតម្លៃចាប់ពី៥លានដុល្លារអាមេរិកឡើងទៅ ត្រូវបានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលមិនដល់១ថ្ងៃ។ ក្នុងនោះ យូនីតអាផាតម៉ិនដែលមានតម្លៃ៣,៨លានដុល្លារ​​ ត្រូវបានលក់ដាច់លើសពីការរំពឹងទុកចំនួន៥ដង។

ទីផ្សារអចលនទ្រព្យនៅទីក្រុងសៀងហៃ បានបង្ហាញសញ្ញាវិជ្ជមាន ខុសប្លែកពីទីក្រុងដទៃផ្សេងទៀត ដែលកំពុងធ្លាក់ចូលទៅក្នុងវិបត្តិអចលនទ្រព្យ។ សៀងហៃគឺជាទីក្រុងតែមួយគត់ ក្នុងចំណោមទីក្រុងធំៗរបស់ប្រទេសចិន ដែលទាក់ទាញបានតម្រូវការពីអតិថិជនលំដាប់អ្នកមាន។

អតិថិជនភាគច្រើន ដែលបានទិញលំនៅដ្ឋានថ្លៃៗនៅទីក្រុងសៀងហៃ គឺជាក្រុមអ្នកមាន ដែលរស់នៅតាមតំបន់ដីសណ្តទន្លេ Yangtze។ ប្រជាជនចិនបន្តមើលឃើញថា លំនៅដ្ឋានប្រណីត គឺជាជម្រើសដ៏ល្អប្រសើរមួយ សម្រាប់ការវិនិយោគ ដោយសារស្ថានភាពហិរញ្ញវត្ថុ នៅទីក្រុងសៀងហៃ កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងការបញ្ចុះតម្លៃ។

និន្នាការនេះគូសបញ្ជាក់ឱ្យឃើញ ពីការយល់ឃើញខុសគ្នា សម្រាប់ទីផ្សារអចលនទ្រព្យ នៅតាមទីក្រុងនីមួយៗនៅក្នុងប្រទេសចិន។ តួយ៉ាង ទីក្រុងធំៗភាគច្រើន ដូចជា រដ្ឋធានីប៉េកាំងជាដើម នៅតែប្រឈមមុខ នឹងការថយចុះនៃតម្រូវការ និងតម្លៃផ្ទះ ទោះបីជារដ្ឋាភិបាលចិន បានលុបចោលវិធានការរឹតបន្តឹងរបស់ខ្លួនយ៉ាងណាក្តី។

យោងតាមទិន្នន័យពីភ្នាក់ងារអចលនទ្រព្យ Tospur Real Estate Consulting បានបង្ហាញថា ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ ការលក់លំនៅដ្ឋានថ្មី នៅទីក្រុងសៀងហៃ សម្រេចបានទំហំទឹកប្រាក់ចំនួន៣០លានយ័ន (ប្រមាណ៤លានដុល្លារអាមេរិក)៕ប្រភព:Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here