Hattha top Banner

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគ១៩០ជាមួយទុន៣២០០លានដុល្លារអាមេរិក

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំនេះ ស្ថាប័ននេះបានអនុម័តគំរោងវិនិយោគចំនួន១៩០ ជាមួយទំហំទុនសរុបប្រមាណ៣២០០លានដុល្លារអាមេរិក។

  យោងតាមរបាយការណ៍របស់CDC បានឲ្យដឹងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១៩០គម្រោង ដែលមាន ទុនវិនិយោគ សរុបប្រមាណ៣,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៨.៥៧២កន្លែង។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ ដល់ទៅប្រមាណ២ពាន់លានដុល្លារអាមេរិក។

ទុនវិនិយោគតាមវិស័យក្នុងឆមាសទី១នេះ រួមមាន គំរោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បាននាំមុខគេដោយគ្របដណ្តប់៥៦,៥៩% ហេដ្ឋារចនាសម្ព័ន្ធ២៣,១១% កសិកម្ម និងកសិឧស្សាហកម្ម២,២១% និងវិស័យទេសចរណ៍១៨,%

ដោយប្រភពទុនវិនិយោគ គឺអ្នកវិនិយោគក្នុងស្រុកបានឈរចំណាត់ថ្នាក់ទី១ ជាមួយអត្រា៥០,១៥% ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត។

ចំណែកគម្រោងវិនិយោគ នៅតាមបណ្តារាជធានី ខេត្ត រួមមាន កំពង់ស្ពឺមាន៤៣គម្រោង ស្វាយរៀង៤០គម្រោង រាជធានីភ្នំពេញ២៧គម្រោង។ ព្រះសីហនុ២៤គម្រោង តាកែវ១៩គម្រោង កណ្តាល១៦គម្រោងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here