ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សារ សំណង់អគារពាណិជ្ជកម្មធំជាងគេបំផុត នៅលើពិភពលោក ខណៈប្រទេសអារ៉ាប់នេះ កំពុងបោះទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។
យោងតាមសារពត៌មាន Bloomberg បានចុះផ្សាយថា ទីផ្សារសំណង់អគារសរុប របស់អារ៉ាប៊ីសាអូឌីត នឹងកើនឡើងដល់ ទំហំទឹកប្រាក់១៨១,៥ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៨ ដោយកើនឡើងជិត៣០% បើធៀបនឹងទំហំទីផ្សារនៅក្នុងឆ្នាំ២០២៣។
-->

សកម្មភាពសំណង់អគារ នៅអារ៉ាប៊ីសាអូឌីតនេះ កំពុងរីកដុះដាលយ៉ាងខ្លាំង ដែលជំរុញដោយការស្ថាបនាគម្រោងអច លនទ្រព្យលំនៅដ្ឋាន និងគម្រោងទីក្រុងខ្នាតយក្ស Neom ដែលជាគំនិតផ្តួចផ្តើម របស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។
គម្រោងប្រកបដោយមហិច្ឆតានេះ មានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកខ្លាំងលើប្រេង ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាជន ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍បរទេសផងដែរ។
នាពេលបច្ចុប្បន្ននេះ ពិភពលោកបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង ចំពោះមហិច្ឆិតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការស្ថាបនាគម្រោងសំណង់ អគារខ្នាតយក្សជាច្រើន។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសដាក់ចេញចក្ខុវិស័យ ឆ្នាំ២០៣០ ក្នុងការប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ឱ្យកាន់មានភាពរ៉ុងរឿង។

ទោះបីជាគម្រោងមួយចំនួនត្រូវបានផ្អាក និងគម្រោងភាគច្រើនផ្សេងទៀត មិនទាន់បញ្ចប់រួចរាល់យ៉ាងណាក្តី ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីតកំពុងខិតខំឥតឈប់ឈរដើម្បីបំពេញតាមគោលដៅកំណត់របស់ខ្លួនសម្រាប់ឆ្នាំ២០៣០។
កិច្ចព្រមព្រៀងសាងសង់ បានកើនឡើងដល់ទំហំទឹកប្រាក់១៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២៣ ហើយគម្រោងអភិវឌ្ឍន៍ភាគច្រើន មានទីតាំងស្ថិតនៅក្នុងទីក្រុងរីយ៉ាដ (Riyadh) ដែលនឹងមានប្រជាជនរស់នៅចំនួន១០លាននាក់នៅឆ្នាំ២០៣០ខាងមុខ៕ប្រភព:Bloomberg៕