ដោយ: គង់ លាងហួរ
ហុងកុង: អគារអចលនទ្រព្យពាណិជ្ជកម្ម One HarbourGate East Tower ដែលត្រូវបានរឹបអូសពីមហាសេដ្ឋីចិនលោក Chen Hongtian ត្រូវបានប្រកាសដាក់លក់ជាលើកទី២ ស្របពេលមានទីផ្សារការិយាល័យធ្លាក់ចុះ។
ម្ចាស់បំណុល បានប្រកាសដាក់លក់អគារនេះជាថ្មីម្តងទៀត នៅលើទីផ្សារសម្រាប់ការដេញថ្លៃជុំថ្មីមួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Savills ដែលជាភ្នាក់ងារលក់តែមួយគត់។
-->

អគារនេះត្រូវបានប្រកាសដាក់លក់ ម្តងរួចមកហើយ ក្នុងតម្លៃប្រហែល៨៩៦លានដុល្លារអាមេរិក កាលពីខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែគិតមកទល់ពេលនេះ អគារ One HarbourGate East Tower ពុំទាន់មានអ្នកទិញយកនៅឡើយ ទើបនាំឱ្យម្ចាស់បំណុលសម្រេចចិត្ត ប្រកាសដាក់លក់ជាថ្មីម្តងទៀត នាពេលនេះ។
លោក Chen Hongtian ម្ចាស់ក្រុមហ៊ុន Cheung Kei Group បានលើកឡើងថា “វិបត្តិលំហូរសាច់ប្រាក់រយៈពេលខ្លី បាននាំឱ្យលោក បាត់បង់អចលនទ្រព្យចំនួន៣ រួមទាំងផ្ទះទំហំ៩.២០០ម៉ែត្រការ៉េនៅលើផ្លូវ The Peak ដែលលោកបានទិញកាលពីឆ្នាំ២០១៦ ក្នុងតម្លៃ២,១ពាន់លានដុល្លារហុងកុង។

អគារ One HarbourGate មានកន្លែងSpace ពាណិជ្ជកម្មក្នុងទំហំផ្ទៃក្រឡា ប្រហែល២៩.០០០ហ្វីតការ៉េ។ អគារនេះរួមមានការិយាល័យ និងកន្លែងលក់រាយចំនួន២ជាន់ នៅតាមបណ្តោយមាត់ទឹក ដែលមានចំណតរថយន្តចំនួន១៥៥ចំណត។ អគារនេះ គឺជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Sun Life Hong Kong ។
អគារនេះនឹងត្រូវបានដាក់លក់ ក្នុងតម្លៃចន្លោះពី១០.៥០០ដុល្លារហុងកុង ទៅ១២.០០០ដុល្លារហុងកុងក្នុងមួយហ្វីតការ៉េ។នេះបើយោងតាមលោក Vincent Cheung នាយកគ្រប់គ្រងក្រុមហ៊ុន Vincorn Consulting and Appraisal ។
លោក Raymond Wan នាយកជាន់ខ្ពស់ផ្នែកវិនិយោគនៅក្រុមហ៊ុន Savills បានលើកឡើងថា “ស្របពេលដែលយើងឈានចូលទៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម បានដាំក្បាលចុះពីកម្រិតកំពូលពីមុនរបស់ខ្លួន៕ប្រភព:SCMP៕