សមាគមឧកញ៉ាកម្ពុជា និងJETROនឹងរៀបចំសន្និសីទកម្ពុជា-ជប៉ុនស្ដីពី ការលើកកម្ពស់ការយល់ដឹងអំពីធុរកិច្ចកាបូន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សមាគមឧកញ៉ាកម្ពុជា សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា (JETRO)នឹងរៀបចំសន្និសីទកម្ពុជាជប៉ុនស្ដីពី ការលើកកម្ពស់ការយល់ដឹងអំពីធុរកិច្ចឥណទានកាបូន ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងផ្កាយរណប

ព័ត៌មាននេះត្រូវបានលើកឡើង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជារួមជាមួយលោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅទីស្តីការក្រសួងបរិស្ថាន។

គោលបំណងនៃជំនួបសម្ដែងការគួរសមនេះ ដើម្បីជម្រាបជូន លោករដ្ឋមន្ត្រី អំពីកិច្ចសហការរវាងសមាគមឧកញ៉ាកម្ពុជា (COA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) ក្នុងការរៀបចំសន្និសីទកម្ពុជាជប៉ុនស្ដីពី ការលើកកម្ពស់ការយល់ដឹង​​អំពីធុរកិច្ចឥណទានកាបូន ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងផ្កាយរណបព្រមទាំងស្នើសូមការគាំទ្រ ក៏ដូចជាគោរពអញ្ជើញ លោករដ្ឋមន្ត្រីចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធីខាងលើផងដែរ។

សន្និសីទនេះគឺជាព្រឹត្តិការណ៍ លើកដំបូងនៅកម្ពុជាដែលនឹងមានការចូលរួមពីវាគ្មិនកម្ពុជាជប៉ុនជាអ្នកជំនាញផ្នែកធុរកិច្ចបរិស្ថានកសិកម្មឧស្សាហកម្មនិងបច្ចេកវិទ្យាមកធ្វើការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ចឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងផ្កាយរណបដើម្បីជាមូលដ្ឋានសម្រាប់ធុរជនកម្ពុជាចាប់យកឱកាសក្នុងប្រតិបត្តិការអាជីវកម្មថ្មីតាមរយៈការបង្កើតនិងលក់ឥណទានកាបូនក្នុងវិស័យធុរកិច្ចបៃតង។

សន្និសីទដ៏មានសារៈសំខាន់នេះ នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជាជប៉ុន និងភាគីពាក់ព័ន្ធចំនួនសរុបប្រមាណ៣០០នាក់ ដោយនាពេលរសៀល ក៏នឹងមានការរៀបចំជំនួបពាណិជ្ជកម្ម និងពិសាភោជនាហារធុរកិច្ច រវាងគណៈប្រតិភូធុរកិច្ចជប៉ុន និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដើម្បីជាវេទិកាស្វែងយល់ អំពីបរិយាកាសធុរកិច្ច និងសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងជាឱកាសសម្រាប់ធុរជនកម្ពុជាជប៉ុន ផ្គូផ្គងដៃគូធុរកិច្ចទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here