ដំណឹងល្អៈគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរត្រៀមចាប់ផ្តើមសាងសង់

ចែករំលែក

ដោយៈ គង់ សូរិយា

ខេត្តកណ្តាលៈ ម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គ ដីឥដ្ឋ–ថ្មគរ ក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងសម្ភារៈ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

ស្ពានដ៏សំខាន់នេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថីស៊ី ជីនពីង និងត្រើយខាងកើត ជាមួយផ្លូវល្បឿនលឿនភ្នំពេញ–បាវិត ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ–ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាស រំលងផ្លូវជាតិលេខ១ ប្រវែង១២០ម៉ែត្រ។

ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌ មូលនិធិទ្រទ្រ​ង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការ​ដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។

បច្ចុប្បន្ននេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកទទួលសាងសង់ ដោយបានរៀបចំទីតាំងសម្រាប់ការស្នាក់នៅ ការិយាល័យ ឃ្លាំង និងកន្លែងរោងជាងផលិតគ្រឿងសំ​ណង់រួចរាល់។ ទន្ទឹមនឹងនោះCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ ដោយសម្រេចបាន៨០%ហើយនិងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។

សម្រាប់ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រ និងសម្ភារៈសំណង់មួយចំនួនទៀត សម្រាប់បម្រើអោយការសាងសង់ បានត្រៀមរួចរាល់ សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីដំណើរការចាប់ផ្ដើមសាងសង់។

ស្របពេលជាមួយគ្នា នៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ ដោយតភ្ជាប់ចរាចរណ៍ភូមិសាស្រ្ត ភាគខាងលិច ទៅខាងកើតនៃទន្លេមេគង្គ  និងភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេ​ញ បាវិត ដែលជាច្រកដ៏មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងភស្តុភាកម្ម៕


ចែករំលែក