អ្នកឧកញ៉ាសួរ វីរៈចុះMOUជាមួយក្រុមហ៊ុនPTTដើម្បីជួយសម្រួលសេវាកម្មដល់អតិថិជន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនវីរៈប៊ុនងាំ អេចប្រេសរបស់អ្នកឧកញ៉ាសួរ វីរៈបានឈានទៅមុខមួយជំហ៊ានទៀត ដោយបានចុះ​MOU ជាមួយក្រុមហ៊ុនលំដាប់យក្សរបស់ថៃPTT ដើម្បីសម្រួលនិងផ្តល់សេវាកម្មដល់អតិថិជនកាន់តែងាយស្រូល។

ពិធីចុះហត្ថលេខាកាលពីចុងសប្តាហ៍មុន បានធ្វើឡើងរវាងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងលោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកក្រុមហ៊ុន ភីធីធី (ខេមបូឌា) នៅទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី សាខាព្រៃស ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា សួរ វីរៈបានមានប្រសាសន៍ថាពិធីចុះMOUនេះ វាបានបញ្ជាក់កាន់តែច្បាស់ ពីការផ្ដល់ទំនុកចិត្ដរបស់ក្រុមហ៊ុន ភីធីធីខេមបូឌា លើគ្រប់សេវាកម្មរបស់ក្រុមហ៊ុនវិរៈប៊ុនថាំជូនដល់អតិថិជន

លើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា សួរ វីរៈ បានបានលើកឡើងថា ពិធីចុះអនុស្សរណៈរវាងក្រុមហ៊ុន វិរៈប៊ុនថាំ និងភីធីធី (ខេមបូឌា) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុន វិរៈប៊ុនថាំ។

អ្នកឧកញ៉ាបានបន្ដថានៅឆាប់ៗខាងមុខនេះ អតិថិជនទាំងអស់ អាចស្វែងរកសាខាវិរៈប៊ុនថាំ នៅទូទាំងប្រទេសនៅក្នុងការ៉ាស់ប្រេងភីធីធី ជាមួយនឹងចំណតទូលាយ

នៅក្នុងកំឡុងពេលចុះMOU កាលពីថ្ងៃម្សិលមិញ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថាពីមួយថ្ងៃ ទៅមួយថ្ងៃសន្ទុះនៃការមកទទួលសេវាកម្មបញ្ញើអីវ៉ាន់ ទៅកាន់ទីតាំងជិតឆ្ងាយ ទាំងក្នុងស្រុក និងក្រៅស្រុក របស់អតិថិជន ជាមួយភ្នាក់ងារតាមសាខា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស មានការកើនឡើងជាលំដាប់ ជាហេតុធ្វើឱ្យតាមសាខាបញ្ញើខ្លះ មានបញ្ហាចំណតចង្អៀត។ ឆ្លើយតបនឹងកំណើនដ៏ច្រើនលើសលប់នេះ ទើបក្រុមហ៊ុន សម្រេចចិត្តបន្តចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន ភីធីធី ខេមបូឌា ក្នុងការពង្រីកសាខាដឹកជញ្ជូនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អតិថិជន អាចបញ្ញើអីវ៉ាន់ សឹងតែគ្រប់កន្លែង តាមបណ្តាការ៉ាស់សាំង ភីធីធី ក្បែរគេហដ្ឋានលោកអ្នក។

អ្នកឧកញ៉ា សួរ វីរៈ បានសម្តែងសុទិដ្ឋិនិយមថា ការចុះអនុស្សរណៈនៃយោគយល់នាពេលនេះ នឹងផ្តល់នូវភាពងាយស្រួល រួមទាំងអត្ថប្រយោជន៍ជាច្រើន មកកាន់ក្រុមហ៊ុនទាំងពីរ ជាពិសេសនឹងផ្តល់ភាពងាយស្រួល កាន់តែខ្លាំងជូនអតិថិជនរបស់ វិរៈ ប៊ុនថាំ ក៏ដូចជា អតិថិជនរបស់ ភីធីធី ក្នុងការទទួលបាននូវសេវាកម្មបញ្ញើទំនិញ ក៏ដូចជាការប្រើប្រាស់សេវាកម្មផ្សេងៗ ទាំងអស់របស់ស្ថានីប្រេងឥន្ធនៈ ភីធីធី ។

វិរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុន ដឹកអ្នកដំណើរ និងបញ្ញើឆាប់រហ័ស ឈានមុខគេប្រចាំប្រទេសកម្ពុជា ដែលបានបង្កើតឡើងដោយ អ្នកឧកញ៉ា សួរ វីរៈ តាំងក្នុងឆ្នាំ២០០៤ ផ្តល់នូវ សេវាកម្មរថយន្ត ដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញ យ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។

ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុនវិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត ដូចជា៖ រថយន្តជួលប្រណិត រថយន្តក្រុងប្រណិត និងAir Bus, រថយន្តគ្រែគេងយប់ប្រណិត ដំបូងគេក្នុងប្រទេស ដំណើរការតាំងពីឆ្នាំ២០០៦ រថយន្តសម្រាប់ដឹកទំនិញ ទូកល្បឿនលឿន Buva Sea, សេវាកម្មសណ្ឋាគារ និងរីសតជាច្រើននៅកម្ពុជា ដូចជា៖ Tube Resort, Sandy Beach Bungalows, One Beach Resort, Koh Sdach Resort, Eden Beach Resort, Sara Sea Bodega, Pidoma Resort, Romdoul Kirirom Resort, Camping Park, Romheay Kirirm Resort, Sara Resort, កោះស្ដេចរីសតនិងកោះអភិជនរីសត។

នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជាប្រភេទ ផ្លូវអាកាSeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here