រដ្ឋាភិបាលសិង្ហបុរីគ្រោងចែកសាច់ប្រាក់ដល់ប្រជាជនប្រមា ណ១,៥លាននាក់ដើម្បីសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរី ប្រកាសចែកសាច់ប្រាក់ដល់ប្រជាជនពេញវ័យប្រហែល១,៥លាននាក់ នៅក្នុងខែសីហាខាងមុខ ដើម្បីជួយសម្រាលបន្ទុក លើការចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ចំណែកប្រជាជនរស់នៅក្នុងផ្ទះ ដែលមានតម្លៃប្រចាំឆ្នាំចំនួន១៥.៥៤១ដុល្លារ នឹងទទួលបានសាច់ប្រាក់ចំនួន៨៥០ដុល្លារ។ ចំណែក ប្រជាជនដែលរស់នៅផ្ទះ មានតម្លៃប្រចាំឆ្នាំលើសពី១៥.៥៤១ដុល្លារអាមេរិក និងតម្លៃ១៨.៥០១ដុល្លារ នឹងទទួលបានសាច់ប្រាក់ចំនួន៣៣៣ដុល្លារ។

ចំណាត់ការនេះ នឹងត្រូវបានអនុវត្តន៍ ចំពោះតែប្រជាជនសិង្ហបុរីទាំងឡាយណា ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ដែលមានប្រាក់ចំណូលចំនួន២៥.១៦០ដុល្លារ និងមានកាតព្វ​កិច្ចបង់ពន្ធ។

ប៉ុន្តែចំពោះប្រជាជន ដែល​មាន​អចលនទ្រព្យលើសពី១កន្លែង នឹងពុំមាន​សិទ្ធិ​ទទួល​បាន​ការ​ទូទាត់ ​សាច់ប្រាក់នេះ​នោះទេ។ ចំណែក ពលរដ្ឋសិង្ហបុរី ប្រហែល៦៥ម៉ឺននាក់ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក៏នឹងទទួលបានសាច់ប្រាក់ចំនួន៣៣៣ដុល្លារអាមេរិក ក្នុងមួយនាក់ផងដែរ ដោយរដ្ឋាភិបាល នឹងដាក់បញ្ចូលទៅក្នុងគណនី MediSave របស់ពួកគេនៅក្នុងខែសីហាខាងមុខ។

ការទូទាត់សាច់ប្រាក់ទាំងនេះ គឺជាផ្នែកមួយនៃគម្រោង GST Voucher (GSTV) ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅជួយសម្រួល ការចំណាយសម្រាប់ប្រជាជនសិង្ហបុរី ដែលមានប្រាក់ចំណូល ក្នុងកម្រិតទាបទៅមធ្យម ដើម្បីទប់ទល់នឹងផលប៉ះពាល់ ពីការដំឡើងពន្ធលើទំនិញ និងសេវាកម្មក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

នៅខែមករា ឆ្នាំ២០២៣ អត្រាពន្ធលើទំនិញ និងសេវាកម្ម (GST) ត្រូវបានដំឡើងពី៧% ទៅដល់៨% មុនពេលត្រូវបានដំឡើងដល់៩% នៅដើមឆ្នាំ២០២៤នេះ។

គម្រោងចែកសាច់ប្រាក់ GSTV ឆ្នាំ២០២៤ ត្រូវបានប្រកា​សជាលើកដំបូង ដោយលោកនាយករដ្ឋមន្ត្រី Lawrence Wong ក្នុងខែកុម្ភៈឆ្នាំ២០២៣។

គម្រោងនេះ នឹងមានទំហំទឹកប្រាក់សរុបចំនួន១,០៤ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន១៤៨លានដុល្លារអាមេរិក បើធៀបនឹងគម្រោងចែកសាច់ប្រាក់ កាលពីឆ្នាំ២០២៣កន្លងទៅ៕ប្រភព:The Korea Herald៕


ចែករំលែក