ដោយៈ និស្ស័យ
ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រុមហ៊ុនល្បីៗចំនួន៤រូបទៀត នឹងធ្វើការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ “អចលនទ្រព្យ និងសំណង់”។
កម្មវិធីចែករំលែកនេះនឹងប្រារពធ្វើនៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុនាថ្ងៃទី១០កក្កដាខាងមុខនេះ។
-->

វាគ្មិនសំខាន់ៗដែលនឹងអញ្ជើញចែករំលែកក្នុងកម្មវិធីនោះរូមមានឧកញ៉ា តាន់ តាក់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានKW Cambodia និងជាស្ថាបនិកបុរីវិមានសំណាង ឧកញ៉ា ហ៊ួត ជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនគ្រឿនសំណង់ហ៊ួត ជា និងលោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងជានាយកប្រតិបត្តិក្រុមហ៊ុនKW Sihanoukville។

កម្មវិធីនេះនឹងអនុញ្ញាត្តឲ្យម្ចាស់អាជីវកម្មឬអ្នកចាប់អារម្មណ៍សិក្សាស្វែងយល់ពីបរិបទជំនួញនិងឱកាសអាជីវកម្មនានានៅខេត្តព្រះសីហនុអាចចូលរួមដោយឥតគិតថ្លៃ។
លោកសៅហុកអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៧កក្កដាថាកម្មវិធីនេះមានបំណងចង់បង្ហាញពីសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុមានការរីកចម្រើនដល់កម្រិតណាហើយ និងស្ថានភាពវិស័យសំណង់ដែលជាប់គាំង នៅក្នុងខេត្តនេះមានស្ថានភាពបែបណា។

លោកបន្តថា “អ្វីជាគោលដៅរបស់យើង គឺចង់ឲ្យមានអ្នកវិនិយោគមកសិក្សាពីវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងខេត្តនេះ ដើម្បីរកឱកាសអភិវឌ្ឍន៍រួមគ្នា និងជម្រុញឲ្យសេដ្ឋកិច្ចរបស់ខេត្តមានភាពប្រសើរឡើង”៕

