ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមវិនិយោគិន បានបន្តទាមទារចង់បានអត្រាផលចំណេញត្រឡប់មកវិញ (Return on Investment )យ៉ាងខ្ពស់ពីការវិនិយោគ ដើម្បីជាថ្នូរនឹងការចូលរួមបណ្តាក់ទុនក្នុងគម្រោងទីក្រុងអនាគត Nusantara បើទោះបីជារដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្តល់ការលើកទឹកចិត្តជាច្រើន រួចមកហើយយ៉ាងណាក្តី។
លោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ីបានលើកឡើងថា “ជាធម្មតា បណ្តាវិនិយោគិន បានទាមទារអត្រាផលចំណេញ ពីការវិនិយោគ របស់ខ្លួនលើសពី១២ភាគរយ”។
-->
អត្រាផលចំណេញពីការវិនិយោគឬ Internal rate of return(IRR) គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលអ្នកវិនិយោគទទួលបានពីការបណ្តាក់ទុន លើគម្រោងណាមួយ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The star។

លោកបានបន្ថែមថារដ្ឋាភិបាលត្រូវតែផ្តល់ចំណាត់ការគាំទ្របន្ថែមទៀត។គម្រោងទីក្រុងអនាគតនឹងបាត់បង់មានភាពទាក់ទាញប្រសិនបើអត្រាផលចំណេញត្រឡប់មកវិញសម្រាប់អ្នកវិនិយោគធ្លាក់ចុះមកនៅក្រោម១១ភាគរយ។
ប៉ុន្តែប្រសិនបើអត្រាផលចំណេញត្រឡប់ មានអត្រា១២ភាគរយឬខ្ពស់ជាងនេះ នោះគម្រោងនេះ អាចទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយពុំចាំបាច់ពឹងផ្អែកលើកញ្ចប់ថវិកាវិនិយោគ ពីរដ្ឋាភិបាលបន្ថែមទៀតឡើយ។
លោក Rusmin Lawin បុគ្គលិកពិសេសរបស់អាជ្ញាធរទីក្រុង Nusantara ទទួលបន្ទុកលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច បានមានប្រសាសន៍ឱ្យដឹងថា “ការកំណត់អត្រា IRR លើសពី១១ភាគរយ មានភាពទាក់ទាញសមល្មម គ្រប់គ្រាន់ហើយ សម្រាប់គម្រោងសាងសង់ រដ្ឋធានីថ្មីរបស់រដ្ឋាភិបាល”។

ថ្វីបើមានការលើកទឹកចិត្តជាច្រើន ពីសំណាក់រដ្ឋាភិបាលឥណ្ឌូនេស៊ី រួចមកហើយយ៉ាងណាក្តី ក៏ទីក្រុង Nusantara នៅតែមិនសូវទទួលបានការចាប់អារម្មណ៍ ពីអ្នកវិនិយោគបរទេស ដោយបង្កឱ្យមានការព្រួយបារម្ភ អំពីលទ្ធភាពផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងដ៏មានមហិច្ឆិតាមួយនេះ។
លោកស្រី Shinta Kamdani ប្រធានសមាគមនិយោជកឥណ្ឌូណេស៊ី (Apindo) បានអះអាងថា “បញ្ហាចំនួនប្រជាជនតិច គឺជាឧបសគ្គដ៏ចម្បងមួយ ចំពោះការស្វែងរកផលចំណេញពីការវិនិយោគនៅក្នុងទីក្រុងថ្មីនេះ”។ លោកស្រីបន្ថែមថា “រដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហានេះ ដើម្បីជំរុញបរិយាកាសវិនិយោគ ឱ្យមានលក្ខណៈកាន់តែអំណោយផលបន្ថែមទៀត”៕ប្រភព:The Star៕