តើអាផាតម៉ិនដែលមានតម្លៃថ្លៃជាងគេបំផុតនៅទីក្រុងសេអ៊ូល មានតម្លៃប៉ុន្មានក្នុងមួយយូនីត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារ Nine One Hannam ដែលជាអគារអាផាតម៉ិន ស្ថិតនៅក្នុងសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល បានបំបែកកំណត់ត្រាថ្មីមួយ ដោយដាក់លក់អាផាតម៉ិន ថ្លៃជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមប្រព័ន្ធតម្លៃប្រតិបត្តិការ ដែលប្រមូលចងក្រងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានបង្ហាញថា អាផាតម៉ិនក្នុងមួយយូនីត ដែលមានទំហំ២៧៣ម៉ែត្រការ៉េ នៅអគារខាងលើ ត្រូវបានដាក់លក់ក្នុងតម្លៃ២០ពាន់លានវ៉ុន (ឬ១៤,៥លានដុល្លារ) កាលពីខែមិថុនា។

តួលេខនេះបង្ហាញថា តម្លៃអាផាតម៉ិន នៅក្នុងអគារNine One Hannam បានកើនឡើងជាង២ដង បើប្រៀបធៀបទៅនឹងតម្លៃដាក់លក់ កាលពីខែតុលា ឆ្នាំ២០២១ ក្នុងរង្វង់ត្រឹមតែ៨,៤ពាន់លានវ៉ុន។

អគារអាផាតម៉ិននេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពីលោក Kwon Ji-yong មកពីក្រុមចម្រៀងបុរស BigBang បានទិញយកអាផាតម៉ិន ទំហំ២៤៤ម៉ែត្រការ៉េ ក្នុងតម្លៃ១៦,៤ពាន់លានវ៉ុន កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ។

អគារ Nine One Hannam គឺជាប្រភេទអគារលំនៅដ្ឋានប្រណីត ដែលមានអាផាតម៉ិន សរុបចំនួន៣៤១យូនីត។ អគារនេះ ត្រូវបានបើកដាក់ឱ្យដំណើរការ ជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយប្រកាសដាក់លក់អាផាតម៉ិន ដែលមានតម្លៃខ្ពស់កប់ពពក។

យោងតាមគេហទំព័រ Seoul Real Estate Information Plaza បានឱ្យដឹងថា តម្លៃអាផាតម៉ិន ជាមធ្យមនៅក្នុងទីក្រុងសេអ៊ូលទាំងមូល បានកើនឡើងដល់ទំហំទឹកប្រាក់ ខ្ពស់បំផុតចំនួន១,១៩ពាន់លានវ៉ុន ក្នុងមួយយូនីតកាលពីខែឧសភា បើធៀបនឹងកំណត់ត្រាមុន ចំនួន១,១៦ពាន់លានវ៉ុន ក្នុងខែមេសា ឆ្នាំ២០២២ ដែលជាការកើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ៕ប្រភព: Yonhap

LEAVE A REPLY

Please enter your comment!
Please enter your name here